ផ្លូវ LV ឬផ្លូវលេខ104 គ្រោងបើកការដ្ឋានជួសជុលឡើងវិញ នៅខែមេសា ក្រោយចូលឆ្នាំខ្មែរ
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណៈការ អាជ្ញាធរក្រុង សង្កាត់លេខ៤ បានចុះពិនិត្យស្ថានភាពផ្លូវអិលវី (ផ្លូវលេខ 104)ដើម្បីត្រៀមធ្វើការបើកការដ្ឋានធ្វើផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាត បង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ចាប់តាំងពីរដូវរស្សាកន្លងទៅ។
ឯកឧត្តមមានប្រសាសន៍ថា ផ្លូវនេះគ្រោងបើកការដ្ឋានជួសជុលឡើងវិញនៅខែមេសា ឆ្នាំ២០១៩ ក្រោយចូលឆ្នាំថ្មីខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទទួលជួសជុលដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ អភិបាលបញ្ជាក់ថា ការធ្វើផ្លូវលេខ104 ឬហៅថាផ្លូវអិលវី នេះ គឺជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន២២ខ្សែ ដែលរាជរដ្ឋាភិបាលបានសម្រេចថា នឹងផ្តល់ថវិកាពិសេសជូនខេត្តព្រះសីហនុ ក្នុងការធ្វើការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តទេសចរណ៍មួយនេះឲ្យមានភាពប្រសើរឡើងវិញ។
ទន្ទឹមនោះផ្លូវនៅក្នុងក្រុងព្រះសីហនុ ជាច្រើនខ្សែទៀតនឹងត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមអភិបាលក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលគ្រោងនឹងជួសជុលនេះ សូមចូលរួមសហការជាមួយអាជ្ញាធរដែនដី និងក្រុមអ្នកបច្ចេកទេសធ្វើផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យកិច្ចដំណើរការធ្វើផ្លូវនេះ ប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យ។
បើយោងតាម លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវត្រូវធ្វើនេះ មានប្រវែង១៣០០ម៉ែត្រ មានទទឹង៧ម៉ែត្រ ចាក់បេតុងឆ្អឹងដែក និងមានដាក់លូសង្ខាង។ លោកបានឲ្យដឹថងថា ការចំណាយលើផ្លូវនេះជាកញ្ចប់ថវិការរដ្ឋ ចំណែកការចំណាយដាក់លូសង្ខាងជាថវិកាបដិភាគរបស់ខេត្ត និងពលរដ្ឋតាមដងផ្លូវ។
សូមបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ដោយបំបែកពីចំណុចផ្លូវឯករាជ្យចំណុចក្លិបកំសាន្តLV កាត់តាមសាលាសង្កាត់លេខ៤ និងវិទ្យាល័យហ៊ុនសែនមិត្តភាព ឆ្ពោះទៅផ្លូវមិត្តភាព នៅមុខសាលាក្រុងព្រះសីហនុ មានប្រវែង១៣០០ម៉ែត្រ។ បន្ទាប់ពីចុះពិនិត្យផ្លូវLVនេះរួច ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តទៅពិនិត្យមើលផ្លូវនៅតំបន់អូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ដែលកំពុងចាក់បេតុងឆ្នឹងដែកផងដែរ៕ធ.ដ
ដោយៈ សាវ៉ុន