ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ទឹកដីប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមមូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ អញ្ជើញទៅទទួលឯកឧត្តមប្រធានាធិបតី និងលោកជំទាវ នៅអាកាសអន្តរជាតិភ្នំពេញរួមមានមន្ត្រីជាន់ខ្ពស់ ព្រះបរមរាជវាំង ជរដ្ឋាភិបាលកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងមហាជន ជាច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ឯកឧត្តមប្រធានាធបិតីនៃសាធារណរដ្ផកូរ៉េ មានកម្មវិធីជួបសំណេះសំណាលជាមួយសហគមន៍កូរ៉េនៅកម្ពុជា និង ពិសារបាយពេលល្ងាចជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសណ្ឋាគារ The Great Duke។

តាមការប្រកាសរបស់ក្រសួងការបរទេស គឺក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។

បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។ ឯកឧត្តមប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។ ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់ឯកឧត្តមប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner