ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០៦នាក់ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ហេង ពីមិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិ៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ២)ឈ្មោះ ហេង វីណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិ៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ៣)ឈ្មោះ ភន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៤)ឈ្មោះ មាស សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៥)ឈ្មោះ អាន វណ្ណថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិភ្នំបាសិត ស្រុកពញាឮ ខេត្តកណ្តាល និង៦)ឈ្មោះ ភុន សីហា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារដកហូត៖ ក្រាមសថ្លា១កូនថង់តូច។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតរបស់អធិការដ្ឋាន បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យមួយក្រុមមានគ្នា០៦នាក់ កំពុងនៅជុំគ្នាតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើតេស្តទឹកនោម ក៏មានផ្ទុកសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន