អគ្គស្នងការរងនគរបាលជាតិ៖ ហាមដាច់ខាតមន្ត្រីនគរបាលដោះស្រាយបទល្មើសសេពសន្ថវៈ ក្រៅប្រព័ន្ធតុលាការ
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទសន្និបាទការងាររបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានដាក់បម្រាមដល់កងកម្លាំងនគរបាលជាតិ ក្នុងខេត្តស្ទឹងត្រែង ដោយហាមដាច់ខាតមិនត្រូវដើរតួនាទីជាអ្នកសម្របសម្រួល និងដោះស្រាយបទល្មើសសេពសន្ថវៈក្រៅប្រព័ន្ធតុលាការឡើយ។
នាយឧត្តមសេនីយ៍បានលើកឡើងថា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសសេពសន្ថវៈ ឲ្យបានជោគជ័យ មន្ត្រីនគរបាលក្នុងខេត្តស្ទឹងត្រែង និងទូទាំងប្រទេស មិនត្រូវដោះស្រាយនៅក្រៅប្រព័ន្ធតុលាការឡើយ ។ លោកថា ជនដែលប្រព្រឹត្តល្មើសមិនអាចរួចខ្លួន ដោយគ្រាន់តែដោះស្រាយនៅត្រឹមនគរបាលប៉ុស្តិ៍ អធិការដ្ឋាន និងការិយាល័យប្រឆាំងការជួញដូរមនុស្សបានឡើយ បើទោះជាជនល្មើសមានសំណងជាលុយកាក់ទៅជនរងគ្រោះក៏ដោយ ពោលគឺត្រូវផ្តន្ទាទោស និងដាក់ពន្ធនាគាទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍បានលើកឡើងបន្ថែមថា ថ្វីត្បិតថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានស្នាដៃល្អបានដឹកនាំកងកម្លាំងក្នុងការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានរហូតដល់៩៤ភាគរយយ៉ាងណាក៏ដោយ ប៉ុន្តែតាមការកត់សម្គាល់ឃើញថា បទល្មើសព្រហ្មទណ្ឌ ចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកថា ក្នុងនាមជានគរបាលយុត្តិធម៌ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានជោគជ័យមិនទាន់គ្រប់គ្រាន់ឡើយ ទាមទារធ្វើយ៉ាងណាត្រូវបង្ការទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតឡើងទើបប្រសើរ។ ត្រង់ចំណុចនេះ លោកពន្យល់ថា ដើម្បីបង្ការកុំឲ្យកើតមានបទល្មើសព្រហ្មទណ្ឌ មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេស នគរបាលប៉ុស្តិ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យបានល្អ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអះអាងថា កាតព្វកិច្ចនេះ លោកបានពន្យល់ និងណែនាំគ្រប់មន្ត្រីនគរបាល ឲ្យយកចិត្តទុកដាក់អនុវត្តន៍ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រោះយើងជានគរបាលត្រូវបម្រើប្រជាជន ដោយឥតរើសអើង និងប្រកបដោយភាពស្មោះត្រង់។
សូមបញ្ជាក់ថា ក្នុងសន្និបាតរបស់ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងនាពេលនេះ បានដាក់ទិសដៅចំនួន១៧ចំណុចបន្ថែមទៀត ដើម្បីបន្តអនុវត្តន៍ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ម.ន