រដ្ឋាភិបាល និងសភាអាល្លឺម៉ង់ប្រកាសថា ខ្លួនបានសម្រេចបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ
រដ្ឋាភិបាល និងសភាអាល្លឺម៉ង់ប្រកាសថា ខ្លួនបានសម្រេចបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ។ ការប្រកាសនោះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំ នៅកម្ពុជា លោក Ingo Karsten នៅព្រឹកថ្ងៃ១២មីនានេះ ក្នុងពេលជួបពិភាក្សាការងារជមួយ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា អាល្លឺម៉ង់បានជួយដល់ការដោះមីននៅកម្ពុជាជាយូរមកហើយ តាមរយៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយបច្ចុប្បន្ននេះ បាននិងកំពុងបន្តជួយដោះមីនតាមរយៈអង្គការ HALO Trust ចាប់តាំងពីឆ្នាំ២០១៦ ដែលបានជួយគាំទ្រដល់កម្លាំងបោសសម្អាតមីនចំនួន៥៥ក្រុម និងក្រុម Survey EOD ចំនួន២ក្រុម ស្មើនឹងបុគ្គលិកចំនួន៤០០នាក់។

លោកបានបន្តថា ជាលទ្ធផល ការគាំទ្ររបស់អាល្លឺម៉ង់សម្រេចបានការបោសសម្អាតមីនក្នុងផ្ទៃដីជាង៦លានម៉ែត្រការ៉េ កាត់បន្ថយផ្ទៃដីគំរាមបានជាង៦ម៉ឺនម៉ែត្រការ៉េ បានបំផ្លាញមីនប្រឆាំងមនុស្ស២៩៩១គ្រាប់ មីនប្រឆាំងរថក្រោះ១១៨គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម៣១៩២ គ្រាប់។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋដែលទទួលបានផលពីការបោសសម្អាតមីន ដោយផ្ទាល់មានជាង៥ម៉ឺននាក់ ហើយប្រជាពលរដ្ឋទទួលបានការអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន មានចំនួនជាង៤ពាន់នាក់។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Ingo Karsten បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសញ្ញាវិជ្ជមាន នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា រដ្ឋាភិបាល និងសភាអាល្លឺម៉ង់ បានសម្រេចបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាពិសេស លើវិស័យសកម្មភាពមីនផងដែរ៕ធ.ដ



