បំពានបម្រាមសាលារាជធានី! រថយន្តធុនធំ បុក និងកិនស្ត្រីម្នាក់ស្លាប់ ក្បែរផ្សារស្ទឹងមានជ័យថ្មី ទាំងព្រឹក
ភ្នំពេញ ៖ ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យត្រូវរថយន្តធន់ធំបើកបុកពីក្រោយជ្រុលកិនស្ត្រីម្នាក់ស្លាប់ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវព្រះមុនីរ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្តីស្ត្រីជាអ្នកឌុបបានឲ្យដឹងថា ដំបូងឡើយរូបគាត់រួមទាំងស្ត្រីរង់គ្រោះបានចូលទិញសម្ភារក្នុងផ្សារស្ទឹងមានជ័យថ្មី ដើម្បីយកទៅរួមបុណ្យចម្រើនព្រះជន្ម ក្រោយទិញរួចរាល់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ត្រួយចេក ធ្វើដំណើរទិសដៅពីជើងទៅត្បូង ជិះដល់ចំណុចកើតហេតុក៏មានរថយន្តធន់ធំមួយគ្រឿងម៉ាក ហីុយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3E 0515 បើកលឿនស្របគ្នាបុកពីក្រោយបណ្តាលឱ្យស្ត្រីជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនក្បាលផ្ទុះធ្លាយខួរខ្ទេតពេញផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករូបខ្លួនជាអ្នកឌុបមិនមានរងរបួសនោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានករណីនេះតៃកុងរថយន្តរួមនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ហើយចំពោះអត្តសញ្ញាណសពស្ត្រីខាងលើមានឈ្មោះ ស៊ុន សួង អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ ប្រភពដដែលបន្តថា ជុំវិញគ្រោះថ្នាក់ចរាចរាណ៍នេះ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងអូសយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសាកសពស្ត្រីខាងលើត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិផងដែរ៕ម.ន

