ប្រតិភូវិនិយោគិនជប៉ុន ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជួយគាំទ្រវិនិយោគិនជប៉ុននៅកម្ពុជា
លោក ណូរីអូ យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សា ផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន និងជាតំណាងអ្នកវិនិយោគជប៉ុន បានចូលជួបសម្តេចតេជោ ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ វិនិយោគិនជប៉ុនពិតជាមានការចាប់អារម្មណ៍ចំពោះលក្ខខណ្ឌវិនិយោគនៅកម្ពុជា គ្រាដែលរាជរដ្ឋាភិបាលបានគាំទ្រយ៉ាងខ្លាំងដល់ការវិនិយោគ។
ប្រតិភូវិនិយោគិនរបស់ជប៉ុនបានបង្ហាញនូវបំណងធ្វើការវិនិយោគលើវិស័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលជូបសម្តេចតេជោនាយករដ្ឋមន្ត្រីនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១២ មីនានេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួប។
លោក ណូរីអូ យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) បានបញ្ជាក់ជូនសម្តេចតេជោថា អ្នកវិនិយោគរបស់ជប៉ុននៅកម្ពុជា បានទទួលបានការសាទរយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយដល់អ្នកវិនិយោ គទាំងអស់នោះ។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈងាយស្រួល និងជួយដល់វិនិយោគិនជាច្រើន ជាពិសេសការសំរួលកាត់បន្ថយដំណើរការវិនិយោគ និងឆ្លងកាត់តាមព្រំដែនឲ្យមានតម្លាភាពជាទីបំផុត។ លោក បានបញ្ជាក់ថា បច្ចុប្បន្នវិនិយោគិនជប៉ុនទាំងធុនតូច និងធុនមធ្យម កំពុងស្វែងរកឱកាសដើម្បីធ្វើការវិនិយោគនៅក្រៅប្រទេសដោ យសារតែមូលហេតុបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ លោកបានស្នើឲ្យសម្តេចតេជោ ធ្វើយ៉ាងណាបន្តគាំទ្រ និងទទួលស្វាគមន៍វិនិយោគិនជប៉ុន ដែលមកនិងស្វែងរកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរ លោក ណូរីអូ ធ្លាប់បានមកកាន់កម្ពុជាកាលពី៣ឆ្នាំកន្លងមក ដោយលោកឃើញថា កម្ពុជាមានការផ្លាស់ប្ដូរ និងមានការវិវត្តយ៉ាងវិជ្ជមាននិងឆាប់ឆាប់រហ័ស។ លោកកត់សម្គាល់ឃើញថាក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅដូចគ្នាដដែល ប៉ុន្តែមានការផ្លាស់ប្ដូរ ដោយយកអទិភាពធនធានមនុស្សមកជាអទិភាពទីមួយវិញ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជាគឺនៅដដែល ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្សគឺជាអាទិភាពចម្បង។ អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះគឺពង្រឹងវិស័យសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកំណើនបន្តកើនឡើងជាង៧ភាគរយនៅក្នុងមួយឆ្នាំ។ រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ បុគ្គលិក នឹងបន្តកំពុងធ្វើការដោយធ្វើយ៉ាងណាឲ្យកម្ពុជា មានការប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់ និងតាមរយៈបាវចនារបស់រាជរដ្ឋាភិបាល គឺកែទម្រង់ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ។
ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ចសម្អាតបញ្ហាឲ្យបានកាន់តែស្អាត ដើម្បីឱ្យក្លាយជាផ្លូវសម្រាប់ការវិនិយោគ ធ្វើដំណើរឲ្យមានផលចំណេញ។ នេះបើតាមសម្តេចតេជោ បញ្ជាក់ជូនប្រតិភូវិនិយោគិនជប៉ុន។
សម្ដេចតេជោ បានឲ្យដឹងដែរថា អ្វីដែលកម្ពុជា ធ្វើនាពេលនេះគឺធ្វើយ៉ាងណា ជំរុញឲ្យសេដ្ឋកិច្ចមានការប្រកួតប្រជែង។ ជាពិសេសគឺការបន្ថយតម្លៃអគ្គិសនី ការដកតួនាទីកាំកុងត្រូលពីច្រកព្រំដែន និងការរំលាយចោលអង្គភាពកាំសាបដែលទាំងនេះគឺសុទ្ធសឹងតែជាកំណែទម្រង់ដើម្បីសម្រួលដល់ការវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាព៕ម.ន



