ទីបំផុតយានអវកាសរបស់ជប៉ុន ចុះចតនៅលើអាចម៍ផ្កាយដោយជោគជ័យ

ជប៉ុន៖ យានអវកាសជប៉ុនមួយគ្រឿង បានចុះចតនៅលើអាចម៌ផ្កាយមួយ ស្ថិតក្នុងគោលបំណងប៉ុនប៉ងប្រមូលគំរូដុំថ្មពីលើផ្ទៃរបស់វា។ យានអវកាសរបស់ជប៉ុនមានឈ្មោះ ហាយ៉ាប៊ូសា ធូ (Hayabusa-2) បានព្យាយាមកើបយកគំរូដុំថ្មពីកន្លែង ដែលបានកំណត់ជាមុននៅលើអាចម៍ផ្កាយឈ្មោះ រីយូហ្គូ (Ryugu) កាលពីពេលថ្មីៗនេះ។

យានអវកាសខាងលើ បានធ្វើដំណើរទៅកៀកអាចម៍ផ្កាយ រីយូហ្គូ កាលពីខែមិថុនាឆ្នាំ ២០១៨ បន្ទាប់ពីធ្វើដំណើររយៈពេល៣ឆ្នាំ និង៦ខែពីផែនដី ខណៈគេរំពឹងថា វានឹងវិលត្រឡប់មកភពផែនដីវិញ ជាមួយនឹងដុំថ្មប្រមូលបានក្នុងឆ្នាំ២០២០ខាងមុខនេះ។ ក្នុងអំឡុងពេលប្រមូលគំរូដុំថ្ម យានអវកាសរបស់ជប៉ុននេះ នឹងឆ្ពោះទៅរកអាចម៍ផ្កាយប្រវែង១គីឡូម៉ែត្រនេះ ជាមួយឧបករណ៍មួយហៅថា សាំផ្លើ ហ៊ន (Sampler Horn) ។

នៅពេលចុះចតនៅលើអាចម៍ផ្កាយ គ្រាប់ទម្ងន់ចំនួន៥គ្រាប់ដែលផលិតពីដែកតានតាលុម នឹងត្រូវបាញ់ចូលទៅក្នុងផ្ទាំងថ្មក្នុងល្បឿន៣០០ម៉ែត្រក្នុងមួយវិនាទី។ ភាគល្អិតដែលបែកខ្ចាយ ដោយសារការបាញ់នេះ នឹងត្រូវប្រមូលយកដោយឧបករណ៍ សាំផ្លើ ហ៊ន (Sampler Horn)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner