សមត្ថកិច្ចបញ្ជូនខ្លួនជនង្ស័យម្នាក់ជាមួយថ្នាំញៀនជិត១គីឡូក្រាម ទៅតុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ជនង្ស័យម្នាក់ជាមួយថ្នាំញៀនជិត១គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃ១១មីនានេះថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ នៅវេលាម៉ោង២និង៣៩នាទីថ្ងៃទី៩មីនា បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភុំ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានគ្រឿងញៀន ក្រាមប្រភេទមេតំហ្វេតាមីន(ICE) ១កញ្ចាប់ធំ ស្មើទម្ងន់៩៦០ក្រាម២៦មីលីក្រាម៕ធ.ដ


