ឃាត់ខ្លួនសង្ស័យ៣នាក់ ករណីលួចសម្ភារធ្វើផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រោយពីមានការបាត់បង់សម្ភារសំណង់សម្រាប់ធ្វើផ្លូវជាច្រើនដងកន្លងមក មេការសំណង់ម្នាក់រួមជាមួយក្រុមការងារ បានឃ្លាំមើលស្ថានភាពក្នុងការដ្ឋានសំណង់ជាប្រចាំ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ដើរធ្វើសកម្មភាពលួចយកដែក សម្ភារការដ្ឋានសំណង់កំពុងធ្វើផ្លូវ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់ខ្លួនតែម្តង រួចហើយមួយសន្ទុះក្រោយមកក៏ឃាត់ជនសង្ស័យម្នាក់ទៀត ដែលកំពុងអូសរទេះអេតចាយពេញទៅដោយដែក។

ជនសង្ស័យទី១)ឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២)ឈ្មោះ ចេង ប៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាដ (អ្នកទាំង២ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ)។ តាមសម្តីបុរសឈ្មោះ ស៊ឹម វុទ្ធី អាយុ៣៨ឆ្នាំ ជាមេការសំណង់ខាងលើ បានឲ្យដឹងថា កន្លងមកធ្លាប់ បាត់ដែកពុម្ពអស់៨ដើម និងម៉ាស៊ីន សម្រាប់វីបេតុង ម្តងហើយ ស្រាប់តែមកដល់វេលាម៉ោងខាងលើនេះ ក៏ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កមកធ្វើសកម្មភាពលើកដែកពុម្ព ពេលដែលកំពុងលើក គាត់ឃើញទាន់ ក៏ចាប់ឃាត់ខ្លួនតែម្តង។ តាមសម្តីជនសង្ស័យ បានឲ្យដឹងថា ពួកគេពិតជាលួចយកដែកនៅចំណុចខាងលើមែន ហើយកាលពីថ្ងៃទី០៩ កន្លងទៅពួកគេលួចបានតែម៉ាស៊ីនវីបេតុងទេ។

ស្របពេលដែលឃាត់ខ្លួនជនសង្ស័យ២នាក់ហើយ ស្រាប់តែមានបុរសម្នាក់ផ្សេងទៀត អូសរទេះអេតចាយដឹកដែក ច្រងែងច្រង៉ាង កាត់តាមចំណុចក្នុងភូមិខាងលើ ដោយសង្ស័យ ក៏ចាប់ឃាត់ប្រគល់ឲ្យប៉ូលិសសាកសួររួមជាមួយដែរ។ បុរសអូសរទេះឈ្មោះ ថេ ដេត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន និងនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner