ចិនផ្អាកការហោះហើរបស់យន្តហោះ Boeing 737 Max បន្ទាប់ពីយន្តហោះប្រភេទនេះធ្លាក់ ស្លាប់មនុស្ស១៥៧នាក់
អត្ថបទដោយ៖
ហេង វណ្ណា
អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ផ្អាកជាបណ្ដោះអាសន្នរាល់ការធ្វើប្រតិបត្តិការយន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស១៥៧នាក់ ស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ។
យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី Addis Ababa របស់ប្រទេសអាហ៊្វ្រិកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីNairobi នៃប្រទេសកេនយ៉ា ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមអាកាសយានិក៨នាក់។ សូមរម្លឹកថា យន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។