ក្រុមមន្រ្តីជំរឿនចុះទៅជំរឿងនៅគេហដ្ឋានសម្តេចក្រឡាហោម ស ខេង
ភ្នំពេញ៖ ក្រុមមន្រ្តីជំរឿន ដឹកនាំដោយ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ ដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីផែនការរាជធានីភ្នំពេញ និងមន្ត្រីជំរឿនសង្កាត់ចតុមុខមួយចំនួនទៀត បានចុះជំរឿងដល់គេហដ្ឋានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។
សូមជម្រាបថា តាមការគ្រោងទុក ការធ្វើជំរឿននៅកម្ពុជាលើកនេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយ គត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញ លេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួម ផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។ ប្រទេសកម្ពុជា ធ្លាប់ធ្វើជំរឿន៤លើករួចមកហើយ គឺនៅឆ្នាំ១៩២១ ឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅ ឆ្នាំ១៩២១ ធ្វើឡើងដោយអាណាព្យាបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បង គឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ៕


