ប្រុសស្រី២នាក់ជិះម៉ូតូទៅបុករថយន្ដកុងទីន័រកំពុងបើកឆ្លងស្តុប រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងកំពុងតែបើកឆ្លងផ្លូវកាត់ភ្លើងស្តុប ក៏ត្រូវប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកចំពីចំហៀង បណ្ដាលឲ្យខ្ទាតមនុស្សចេញពីម៉ូតូ រងរបួសធ្ងន់ស្រាល ឯម៉ូតូនៅក្រោមរថយន្តអូសប្រមាណជាង ២០ម៉ែត្រ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅជាតិលេខ៤ កែងនិងផ្លូវមហាវិថី ឈ្នះ-ឈ្នះ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានប្រុសស្រី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1S-6708 បានធ្វើដំណើរពីកើតមកលិចក្នុងល្បឿន លឿន មកដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្ដកុងទីន័រមួយគ្រឿង ក្បាលពណ៌ខៀវពាក់ស្លាកលេខ 3A-7971 ដែលកំពុងធ្វើដំណើរឆ្លងកាត់ភ្លើងស្តុប បណ្ដាលឲ្យខ្ទាតមនុស្សចេញពីម៉ូតូ ចំណែក ម៉ូតូជាប់នៅក្រោមកង់ រថយន្ដបណ្ដាលឲ្យបុរសខាងរងរបួសធ្ងន់ ស្ដ្រីរងរបួសស្រាល បានខាងរថយន្ដសង្គ្រោះបន្ទាន់មហានគរដឹកនៅឯមន្ទីពេទ្យភ្លាម ចំណែកកៃកុងរថយន្ដភ័យពេក ក៏ចុះពីរថយន្ដគេចខ្លួនបាត់។
ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុ និងធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ភាគីទាំងពីរមកដោះស្រាយទៅតាមផ្លូវច្បាប់៕



