សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់នូវជំនួយ និងការគាំទ្រ មានមូលដ្ឋានគ្រឹះរឹងមាំ ដល់អង្គការអាហ្វេស៊ីបទុំឌី

ភ្នំពេញ ៖ នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជួបសំណេះសំណាល សួរសុខទក្ខជាមួយគ្រូៗ យុវនារី និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ថា ​វត្តមានរបស់សម្តេចទាំងពីរ នៅពេលនេះ មិនមែនគ្រាន់តែមកសួរសុខទុក្ខនោះទេ ប៉ុន្តែសម្តេចចង់ដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់បន្តដំណើរទៅមុខ។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយកបុគ្គលិក៣២នាក់ ចូលក្នុងក្របខណ្ឌរដ្ឋ ហើយដោយពិនិត្យឃើញពីភាពលំបាកនៃអគារចាស់ សម្តេច ក៏បានផ្តល់​​អាគារថ្មី១ខ្នង មានកម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់​។ រីឯនៅក្នុងបរិវេណនេះ ត្រូវចាក់បេតុង ​ហើយត្រូវធ្វើរបងខ្លោងទ្វារ និងដងទង់ជាតិផងដែរ។​​
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នាំយកអំណោយរថយន្តថ្មីមួយគ្រឿង ហើយសម្តេច​បានចាត់ទុកថា អង្គការនេះ ជាកន្លែងពិសេស ចង់ឱ្យកុមារីរងគ្រោះ មានបង្អែកពិតប្រាកដ។
 ​ក្រៅពីនោះ សម្តេចតេជោ ក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ក្នុង១ខែ ១០ម៉ឺនរៀល ស្មើនឹង២៥ ដុល្លារអាមេរិក សម្រាប់កុមារីរងគ្រោះម្នាក់ៗ ស្មើនឹង៣០០ដុល្លាអាមេរិក ក្នុង១ឆ្នាំ។ ​ដោយឡែក សម្រាប់អង្គការវិញ ទទួលបានអង្ករ១,២០០គីឡូក្រាម និងថវិកា១០លានរៀល ក្នុង១ខែ។ សម្តេចតេជោ បានសន្យាថា នឹងបន្តជួយដល់អង្គការមួយនេះ ជារៀងរហូត បើទោះបីជាសម្តេច ឈប់ធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ។​
​សម្តេចតេជោ បានផ្តល់អនុសាសន៍លើកទឹកចិត្ត និងណែនាំឲ្យកុមារីរងគ្រោះទាំងអស់ ប្រែក្លាយការឈឺចាប់ ទៅជាកម្លាំងតស៊ូ ខំរៀនសូត្រ ឲ្យទៅជាធនមនុស្សធនធានមនុស្សមួយ សម្រាប់សង្គម​។​
បើតាមប្រសាសន៍លោកស្រី ម៉ម សុម៉ាលី នាយិការអង្គការអាហ្វេស៊ីប បានឲ្យដឹងថា អង្គការអាហ្វេស៊ីប ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៦ ដោយលោកស្រីផ្ទាល់ បច្ចុប្បន្ន មានកុមារីរងគ្រោះចំនួន៨៩នាក់ ដែលអង្គការនេះ មានចក្ខុវិស័យ ជួយដល់យុវនារី និងកុមារីរងគ្រោះ ងាយរងគ្រោះ ដោយការកេងប្រវ័ញ្ច ជួញដូរ និងរំលោភផ្លូវភេទ ដើម្បីឲ្យពួកគាត់ ជាសះស្បើយឡើងវិញ ដោយទទួលបានការអប់រំ បណ្តុះបណ្តាល និងធ្វើសមាហរណកម្ម ពួកគាត់ទៅក្នុងសង្គមវិញ ប្រកបដោយឯករាជ្យ និងនិរន្តរភាពផ្នែកហិរញ្ញវត្ថុ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner