សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវអញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឧត្តម្មុនី ហៅវត្តតានី
ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រឹក ថ្ងៃទី១០ ខែមីនានេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និង សមិទ្ធផលនានា ក្នុងវត្តឧត្តម្មុនី ហៅវត្តតានី ស្ថិតនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយសម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពង់បំផុតចំពោះកម្លាំងសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងសមិទ្ធផលនេះ ឡើងសម្រាប់ទុកបំរើដល់វិស័យព្រះពុទ្ធសាសនាតទៅ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ទីវត្តអារាម មិនគ្រាន់តែ ជាទីសក្ការៈ សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាល បណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាម ផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។ សម្តេចបានបន្តថា ព្រះសង្ឃបានយកទីអារាម ដើម្បីជំរុញឱ្យមានការរីកចម្រើនផ្នែកធនធានមនុស្ស និងការយល់ដឹងទូទៅ ព្រមទាំងបានធ្វើ ឱ្យអារាមរបស់ព្រះអង្គក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមជាក់ស្តែងដ៏សំខាន់នៅក្នុងសង្គមខ្មែរទៀតផង ពីព្រោះវត្តអារាមជាច្រើនបានផ្តល់ជាទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខា ភិបាល មណ្ឌលសង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងជាកន្លែងជួយអប់រំកែប្រែដល់ អ្នកញៀនគ្រឿងញៀនជាដើម។ ដូចនេះ វត្តអារាមព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ ក្នុងសង្គមជាតិយើង។
នាឱកាសនេះ សម្តេចប្រធានរដ្ឋសភា ហេង សំរិន បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មីនេះ មានជា អាទិ៍ ហេដ្ឋារចនាសម្ព័ន្ធសាលាខេត្ត មន្ទីរនានាជុំវិញខេត្ត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ហើយថ្មីៗនេះគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ដែលបានបើក ការដ្ឋាន ដោយសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីកាលពីដើមខែមីនានេះនឹង
ក្លាយជាមន្ទីរពេទ្យដ៏ធំនៅក្នុងខេត្តត្បូងឃ្មុំ ដែលមន្ទីរពេទ្យនេះនឹងបំពាក់ដោយសម្ភារៈបរិក្ខា ទំនើបទាន់សម័យ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ ហើយ យកឱកាសនេះ សម្តេចប្រធានរដ្ឋសភាក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់
ថ្នាក់ឱ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមាន ប្រសិទ្ធភាពខ្ពស់ បម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីការធ្វើជំរឿននៅទូទាំងប្រទេស ដោយសម្តេចបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលចាំបាច់ត្រូវធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យពីប្រជាជន ពិតប្រាកដសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិឲ្យបានត្រឹមត្រូវ សំដៅ សម្រេចឱ្យបាននូវយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព ព្រមទាំងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការជាមួយមន្ត្រីជំរឿនអោយបានគ្រប់ៗគ្នា៕