អភិបាលខេត្តសៀមរាប អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ យោធភូមិភាគទី៤
គណៈប្រតិភូក្រសួងការពាជាតិ និងគណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ ចុះសួរសុខទុក្ខ បងប្អូន នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលមានជំងឺបានកំពុងសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ ស្ថិតនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៩ ។ តាមការបញ្ជាក់របស់លោកប្រធានគ្រប់គ្រងមន្ទីរពេទ្យយោធភូមិភាគទី៤ បានឲ្យដឹងថា នៅជារៀងរាល់ថ្ងៃមន្ទីរពេទ្យ បានទទួល ការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឹ ទាំងកងទ័ព គ្រួសារទ័ព និងប្រជាពលរដ្ឋដែលបានចូលមកទទួលសេវាព្យាបាលនៅទីនេះ។ កត្តាសំខាន់នោះចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និងអ្នកគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមន្ទីរពេទ្យយោធភូមិភាគទី៤ បានធ្វើការព្យាបាលជូន ដោយមិនបានគិតកម្រៃឡើយ។
ឯកឧត្តម ទៀ សីហា ក៏បានបានមានប្រសាសន៍ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងអំឡុងខែមេសា និងខែឧសភា ខាងមុខនេះ អាកាសធាតុ មានការក្តៅខ្លាំង ពី៤៥ទៅ៥០អង្សា ធ្វើឲ្យទឹកបឹងបួរ ស្ទឹងឆាប់រីងស្ងួត។ ពាក់ព័ន្ធបញ្ហានេះរាជរដ្ឋាភិបាល ក៏បានណែនាំឲ្យអាជ្ញាធរ មូលដ្ឋានទាំងអស់រក្សាទឹកនៅតាមត្រពាំង បឹងបួរទុកសម្រាប់ប្រើប្រាស់ ដោយឲ្យកាត់បន្ថយការធ្វើស្រែប្រាំងជាលើកទី២ផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប អាជ្ញាធរខេត្តបានឲ្យមន្រ្តីជំនាញ រួមជាមួយអាជ្ញាធរគ្រប់មូលដ្ឋាន បានរក្សាទឹកដែលមាននៅតាមត្រពាំង បឹបួរ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។ ប៉ុន្តែកត្តាសារៈសំខាន់នោះ គឺគ្រប់មន្ទីរពេទ្យ ទាំងវិស័យឯកជន និង រដ្ឋ ត្រូវតែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ លើការងារថែទាំសុខភាពប្រជាពលរដ្ឋ នៅពេលមានការប្រែប្រួលអាធាតុឡើងកំដៅខ្លាំង។
ឯកឧត្តមក៏សូមឲ្យមន្ទីរពេទ្យយោធភូមិភាគទី៤ សូមត្រៀមលក្ខណៈឲ្យបានរួចរាល់ ក្នុងការចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលមានបញ្ហាកើតឡើងចំពោះសុខភាពប្រជាពលរដ្ឋ។ ម៉្យាង ទៀតថ្នាក់ដឹកនាំពេទ្យទាំងអស់ត្រូវជួបប្រជុំពិភាក្សាគ្នា ដើម្បីតាមដានស្ថានការណ៍ ថាតើមានជំងឺអ្វីកើតឡើងនៅក្នុងតំបន់របស់យើង ជាប្រភេទមេរោគថ្មីឬអត់ ដើម្បីមានវិធានការទប់ស្កាត់ឬជួយសង្គ្រោះឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរមន្រ្តីពេទ្យ ដែលប្រចាំការត្រូវមានសុជីវធម៌ជានិច្ចចំពោះអ្នកជំងឺមិនថាយប់ឬថ្ងៃនោះទេ ជាពិសេសនៅពេលមានអ្នកជំងឺច្រើន ព្រោះថា មកពីគាត់ជឿជាក់ទុកចិត្តយើងជាគ្រូពេទ្យ ទើបគាត់មករកឲ្យគូ្រពេទ្យ ជួយជីវិតគាត់។ ឯកឧត្តមក៏បាន នាំយកអំណោយ និងថវិកា របស់សម្តេចពិជ័យសេនា និងលោកជំទាវ ជូនដល់បងប្អូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ម្នាក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និង ឧបត្ថម្ភដល់មន្ទីរពេទ្យ ចំនួន៥លានរៀល សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ។ ស្របនឹងថ្ងៃខួបលើកទី១០៨ នៃទិវានារីអន្តរជាតិ ៨មិនាឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»ផងនោះ ឯកឧត្តមក៏បានធ្វើការឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជានារី ចំនួន៨៨នាក់ ម្នាក់ៗ ចំនួន ៤ម៉ឺនរៀលផងដែរ៕





