ពិតជាអស្ចារ្យណាស់! កូនខ្មែរបានបង្កើតប្រព័ន្ធធ្វើដំណើរដោយបច្ចេកវិទ្យាទំនើប មានឈ្មោះថា Smart go ជាមួយនឹងការសន្សំសំចៃថវិកា
ភ្នំពេញ៖ ស្របពេលជាមួយនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងការធ្វើមធ្យោបាយដោយយាន្តជំនិះគ្រប់ប្រភេទ កូនខ្មែរមួយក្រុមបានរួមសហការគ្នាបង្កើតនូវប្រព័ន្ធធ្វើដំណើរដោយបច្ចេកវិទ្យាទំនើប ដែលមានឈ្មោះថា Smart go ជាមួយនឹងការសន្សំសំចៃថវិកា។ ក្នុងថ្ងៃបើកសម្ពោធនារសៀលថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩ លោកជុំ មករា តំណាងអគ្គនាយកក្រុមហ៊ុនបានឱ្យដឹងថា ក្រោយទទួលបានជោគជ័យក្នុងការចុះឈ្មោះឲ្យអ្នកបើកបរជិត១ម៉ឺននាក់មក ពេលនេះកម្មវិធីកង់បីទំនើប Smart go មានអ្នកប្រើប្រាស់ជាច្រើនពាន់នាក់ក្នុងរយៈពេលដ៏ខ្លី តាំងពីក្នុងក្រុង ដល់ក្រៅក្រុង។ លោកសង្ឃឹមថានឹងការចូលរួមគាំទ្រចំពោះគំនិតច្នៃប្រឌិតដែលជាស្នាដៃរបស់កូនខ្មែរ និងជាការជួយជ្រោមជ្រែងនូវអ្វីដែលជាការបង្កើតឡើងដោយកូនខ្មែរ មិនតែប៉ុណ្ណោះសេវានេះបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយដល់ជីវភាពអ្នករត់កង់បីថែមទៀតផង។
ឯកឧត្តម ហ៊ូ វាសនា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានមានប្រសាសន៍ថ្លែងនូវការកោតសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតខ្ពស់ បង្កើតកម្មវិធីកង់បីទំនើប Smart go ដែលជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានការងារប្រកបរបរទទួលបានយ៉ាងល្អប្រសើរ ដែលជាមធ្យោបាយដ៏ទំនើប និងងាយស្រួល និងជំរុញលើកទឹកចិត្តឱ្យយុវជនកម្ពុជា បង្កើតនូវអ្វីថ្មីៗ ដើម្បីជួយដល់ប្រជាជនកម្ពុជា និងសង្គមជាតិ៕ម.ន





