រថយន្តដឹកទឹកកកអនាម័យមួយគ្រឿងបានក្រឡាប់នៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ៖ ដោយសារតែអ្នកបើកបរងងុយដេកមួយភាំង បានបើករថយន្តកូរ៉េធុនធំមួយគ្រឿងដឹកទឹកកកអនាម័យពេញរថយន្ត ក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀត សំណាងម៉ូតូមួយគ្រឿងទៀតគេចផុត ទើបផ្អៀងរហូតក្រឡាប់តែម្ដង បណ្ដាលឲ្យបាក់ជញ្ជាំង និងតំបូលរថយន្ត ចាក់ទឹកកកចោលរាយប៉ាយពេញផ្លូវ តែមិនមានអ្នកណារបួសនោះទេ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើកបររថយន្តដឹកទឹកកកខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តកូរ៉េដឹកទឹកកក ពណ៍ស ពាក់ស្លាកលេខកណ្ដាល 3A-1367 ដឹកទឹកកកអនាម័យ យកទៅដាក់ឲ្យម៉ូយនៅតាមកន្លែងផ្សេងៗ និងដេប៉ូផ្សេងៗ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងងុយគេងហើយក៏ងោកមួយភាំង ទើបរេចង្កូតចូលទៅផ្លូវម្ខាងទៀត ហើយក៏មានម៉ូតូមួយគ្រឿងទៀតធ្វើដំណើរពីជើងមកត្បូងដែរ តែចេះអ្នកបើកម៉ូតូគេចផុត ទើបរថយន្តបានផ្អៀងរហូតក្រឡាប់តែម្ដង បណ្ដាលឲ្យបាក់ជញ្ជាំងរថយន្តនិងតំបូលរថយន្ត ចាក់ទឹកកកចោលរាយប៉ាយពេញផ្លូវតែម្តង។ ចំណែកឯអ្នកបើកបរ និងអ្នករួមដំណើរជាមួយ មិនមានរបួសអ្វីនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យ គឺមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនោះទេ និងអនុញ្ញាតឲ្យអ្នកបើកបររថយន្តនោះ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្ដង៕ធ.ដ

