នាយករដ្ឋមន្រ្តីម៉ាឡេស៊ីសន្យាទម្លាយអាថ៌កំបាំង ក្នុងឱកាសខួប៥ឆ្នាំនៃការបាត់ខ្លួនរបស់យន្តហោះ MH370

ម៉ាឡេស៊ី៖ នាឱកាសខួប០៥ឆ្នាំនៃការបាត់ខ្លួនដោយអាថ៌កំបាំងបំផុតរបស់យន្តហោះ MH370 នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ បានសន្យាថា នឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាពអាថ៌កំបាំងនៅពីក្រោយករណីនេះឲ្យបាន។

ថ្លែងជាលើកដំបូងនៅចំពោះមុខវត្តមាននៃគ្រួសារសាច់ញាតិជនរងគ្រោះ នៅក្នុងសប្ដាហ៍នេះ លោក មហាធៀ បានបញ្ជាក់ថា ដរាបណាក្តីសង្ឃឹមនៅតែមាន យើងនឹងបន្តរិះរកវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីរកឲ្យឃើញការពិតអំពីជោគ វាសនានៃយន្តហោះនេះ។ លោកបានសង្កត់ធ្ងន់ថា ការបាត់បង់យន្តហោះគឺជារឿងមួយ តែការបាត់បង់មនុស្សគឺជារឿងផ្សេងទៀត ព្រោះថា អ្នកមិនអាចគេងលក់ស្រួលឡើយ ដោយសារការគិតពីអ្វីដែលបានកើតឡើង ហើយអ្នកនៅបន្តសួរខ្លួនឯងនូវសំណួរមួយនេះ តែអ្នកគ្មានចម្លើយនោះទេ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃសុក្រនេះ គឺជាថ្ងៃរំលឹកខួប០៥ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ការបាត់ខ្លួនដោយអាថ៌កំបាំងបំផុតនេះ បានក្លាយជាសោកនាដកម្មដ៏ធំមួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើន ត្រូវបានគេប្រទះឃើញក៏ដោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner