ព្រឹកនេះ សម្តេចតេជោអញ្ជើញសំណេះសំណាល និងពិសាបាយជាមួយអ្នកធាក់ស៊ីក្លូ
ដូចការសន្យា នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំង។ តែមកដល់ពេលនេះដោយប្រទេសយើងមានការីកចម្រើនខ្លាំងបានធ្វើឲ្យអ្នកប្រកបរនេះជួបការលំបាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែបនៃមធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្ន។ ការមិនសូវមានអ្នកជិះធ្វើឲ្យអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់នោះ មិនអាចរកបានថវិកាសម្រាប់ទ្រទ្រង់ជីវភាពឲ្យបានគ្រប់គ្រាន់នោះឡើយ។

បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប៣២០នាក់។ ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជា។ សម្តេចតេជោ បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨។ មូលនិធិនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។

មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)។ តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួនរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យថវិការកបានដោយលំបាកពីការធាក់ស៊ីក្លូបានសល់សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។

បើទោះបីជាយ៉ាងណាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ក៏នៅតែបន្តប្រឈមការលំបាកព្រោះគ្មានកន្លែងសម្រាន្តឲ្យបានសមរម្យ ដោយនៅតែបន្តសម្រាន្តនៅតាមស៊ីតាមសំយ៉ាបផ្ទះរបស់គេ។ បច្ចុប្បន្ន មួយភាគធំនៃចំណូលរបស់ពួកគាត់បានមកពីភ្ញៀបរទេសនិងក្រុមហ៊ុនទេសចរណ៍តែប៉ុណ្ណោះ៕ធ.ដ