ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ភាន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវ៣៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី២)ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំង ល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕