អភិបាលខណ្ឌឬស្សីកែវ ប្រកាសតំបន់វិនិឆ្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលសង្កែទី២

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសថា សូមប្រជាពលរដ្ឋជាម្ចាស់ក្បាលដី-ផ្ទះ រស់នៅតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សិកែវ ទាំងអស់ ត្រូវត្រៀមឯកសារដូចជា សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធដ៍ទៃទៀត ដើម្បីចូលរួមសហការឲ្យមានភាពងាយស្រួលសម្រាប់មន្ត្រីជុំនាញចុះបញ្ជី ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិជូន ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក ជា ពិសី បានប្រកាសយ៉ាងដូច្នេះ នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក ប៉ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់រាជធានីភ្នំពេញ, លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្នុងពេលលោកតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតំបន់ធ្វើការវិនិឆ្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ «ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ» ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
ថ្លែងនាឱកាសនោះ លោក ជា ពិសី បានគូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំព្រួយបារម្មណ៍ឲ្យសោះ ក្នុងការចូលរួមផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយជូនមន្ត្រីជុំនាញ សម្រាប់ចុះបញ្ជីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ដោយពុំមានបង់ថវិកាឡើយ ហើយបើសិនជាមានបញ្ហាណាមួយកើតឡើង ក្នុងយុទ្ធនាការនេះ អាចខលទូរស័ព្ទមកខ្ញុំបាន តែបើខ្ញុំមិនបានលើក ដោយសារជាប់រវល់ការងារសំខាន់ៗច្រើនអាចសរសេរសារ Comment ចូលតាមរយៈ Facebook ផ្លូវការរបស់ខ្ញុំ មានឈ្មោះ ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការដោះស្រាយជូន ពីព្រោះខ្ញុំមិនមែនជាចៅហ្វាយខណ្ឌនោះទេ តែខ្ញុំគឺជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់»៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner