បុរសខ្លាំង៤នាក់ ពាក់ព័ន្ធករណីហិង្សា កំពុងស្ថិតក្នុងដំណាក់កាលលោកព្រះរាជអាជ្ញាស៊ើបសួរ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន បន្ដបញ្ជូនខ្លួនជនសង្ស័យ៤នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីហិង្សា ពេលជួប​គ្រោះថ្នាក់ ចរាចរណ៍​បន្តិចបន្តួច។ សូមរឮកថា កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  លោកឡោ សំណាង អតីតអ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាល ប្រចាំក្លិប កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តស៊ីណា ពណ៌ស មួយគ្រឿង ធ្វើដំណើរតាម​ផ្លូវ​សុធារស ក៏បានប៉ះម៉ូតូជាមួយក្មេងស្ទាវមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូ៤-៥គ្រឿង បន្តិចបន្តួច។  ស្រាប់ក្មេង ស្ទាវទាំងនោះ បានស្ទាក់ម៉ូតូពីរមុខរថយន្តគាត់ រួចបានឈ្លោះប្រកែគាត់ ហើយបង្ខំឲ្យរូបគាត់​សុំទោសបងធំ​ពួកគេ​ ទាំងមាន​ជាតិស្រវឹង។

ដោយរូបគាត់មិនព្រមសុំទោស ស្រាប់តែក្មេងស្ទាវទាំងនោះ បានស្ទុះមកវាយគាត់តែម្តង ដោយឃើញបែបនេះ រូបលោកបានវាយដើម្បីរំដោះខ្លួន ពេលនោះក្មេងស្ទាវទាំងនោះមានអ្នកខ្លះវាយ រូបលោកដោយមានដុំថ្មផង មួក សុវត្ថិភាព​ផង បណ្តាលឲ្យរូបលោករបួសដៃនឹងបាក់ម្រាមដៃកូនមួយ និងរបួសហើមមុខជាច្រើនកន្លែងផងដែរ។ ក្រោយកើតហេតុ​សមត្ថកិច្ច​បានទៅដល់​កន្លែង​កើតហេតុ និង​បានឃាត់ខ្លួនក្រុមក្មេងស្ទាវ៣នាក់​យកមក ប៉ុស្តិ៍នគរបាលទន្លេបាសាក់ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។ ប្រភពពីមន្ដ្រីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះបាន ដកពាក្យបណ្ដឹងលើកជនបង្កចំនួន៣នាក់ ដោយឡែក​ម្នាក់ទៀត​មិនទាន់ព្រមដក​នៅឡើយ ទើបសំណុំរឿងនេះក៏ត្រូវបានបញ្ជូនមកកាន់តុលាការតែម្ដង។ សូមជម្រាបថា សំណុំរឿងបុរសខ្លាំង៤នាក់ ដែលនគរបាល ខណ្ឌចំការមនឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណី ហិង្សា ស្ថិតនៅក្នុងចំណាត់​ការរបស់​លោកស្រីព្រះរាជអាជ្ញារង និងសម្រេចបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរបន្ដទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner