លោក ហួត ហៃ ដឹកនាំមន្ដ្រីជំរឿនចុះសម្ភាសន៍ផ្ទាល់ នៅភូមិគ្រឹះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ
ភ្នំពេញ៖ ក្រុមមន្ត្រីជំរឿនដឹកនាំដោយ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារ៍១៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានចុះដល់ភូមិគ្រឹះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្របពេលដែលមន្ត្រីជំរឿននៅទូទាំងប្រទេស បាននិងកំពុងអនុវត្តន៍សកម្មភាពជំរឿនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដែលមន្រ្តីជំរឿនបានចុះផ្ទាល់ដល់ភូមិគ្រឹះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយក្រុមការងារនៃមន្រ្តីជំរឿនបានជម្រាបជូនសម្ដេចពីគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ការធ្វើជំរឿនត្រូវរៀបចំជាសំណួរពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែងការជំរឿននៅក្នុងភូមិគ្រឹះសម្ដេចនៅពេលនេះ ក្រុមការងារត្រូវបានដាក់ជាសំណួរទៅលើសមាជិកទាំងអស់ នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបម្រើ អង្គរក្ស ដោយសួរពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនឹងការបង្ហាញអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីជំរឿន បានបញ្ជាក់ថា ក្រុមមន្រ្តីជំរឿនមិនបង្ខំ តម្រូវឱ្យមាន អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតរបស់ប្រជាពលរដ្ឋ មកបង្ហាញនោះទេ។

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសន៍សម្តេច ដើម្បីបង្កភាពងាយស្រួលជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិកក្រុមគ្រួសារសម្តេចដល់មន្ត្រីចុះធ្វើជំរឿន។ ជាមួយគ្នានោះ សម្តេចក៏បានរម្លឹកនូវអតីតកាលពាក់ព័ន្ធនឹងប្រវត្តតស៊ូ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍របស់សម្តេច កាលពីសម័យតស៊ូនោះផងដែរ៕ធ.ដ


