រដ្ឋសភាកំពុងពិនិត្យនីតិវិធីជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី១រូប ជំនួសឯកឧត្តម មឹន ស៊ាន ដែលបញ្ចប់អាណត្តិ

អត្ថបទដោយ៖
Kien Sereyvuth

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៥ខែ ខែមីនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ របៀបវារៈនៃកិច្ចប្រជុំពិនិត្យសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី១រូប សម្រាប់ជំនួសឯកឧត្តម មឹន ស៊ាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ចប់អាណត្តិ។

សូមបញ្ជាក់ ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើស តាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។ សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១រូប និងសមាជិកចំនួន៨រូប។ ប្រធានត្រូវបានជ្រើសតាំងតាមការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាតរៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី៣រូបចូលកាន់តំណែង។

ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ៩ឆ្នាំ ប៉ុន្ដែសមាជិកចំនួន៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិក៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង៣រូប សម្រាប់ប្រាំបួនឆ្នាំ។

សមាជិក៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូបជ្រើសតាំងដោយរដ្ឋសភា និង៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច៤៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំ និងមានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និងសេដ្ឋកិច្ច។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ មកពិនិត្យដោយខ្លួនឯងបានឡើយ ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន។ ប្រជារាស្ដ្រ និងគណបក្សនយោបាយអាចលើកសំណើ ឬប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបានតាមលក្ខខណ្ឌ ដែលមានចែងខាងក្រោយ។

ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ដ្រី និងរបស់ប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ដ្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ក្រុមប្រឹក្សាធម្មនុញ្ញ និងប្រជារាស្ដ្រគឺប្រជារាស្ដ្រអាចលើកឡើងប្ដឹងទៅតុលាការអំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ ឬសេចក្ដីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋ ដែលគេអះអាងថាប៉ះពាល់ដល់សិទ្ធិសេរីភាពជាសារវន្តរបស់គេតាមរយៈរឿងក្តីរបស់ខ្លួននៅតុលាការ។ តុលាការថ្នាក់ក្រោមបញ្ជូនពាក្យបណ្ដឹងខាងលើនេះទៅតុលាការកំពូល។ តុលាការកំពូលជាអ្នកបញ្ជូនបណ្ដឹងនោះបន្ដមកក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជាតុលាការកំពូល យល់ឃើញថាសមហេតុសមផល។ បញ្ហាដែលកើតឡើងនោះ ជាបញ្ហាបន្ទាន់បង្ខំដែលតុលាការទទួលបន្ទុកជំនុំជម្រះត្រូវផ្អាកសិន ដោយរង់ចាំចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមុន។

ក្នុងករណីគ្មានរឿងក្ដីក៏ដោយ ប្រជារាស្ដ្រមានសិទ្ធិប្ដឹងសុំឱ្យពិនិត្យធម្មនុញ្ញភាពនៃច្បាប់ណាដែលប្រកាសឱ្យប្រើហើយ។ ប្រជារាស្ដ្រត្រូវប្ដឹងតាមរយៈប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬតំណាងរាស្ដ្រចំនួនមួយភាគដប់។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចជូនប្រជារាស្ដ្រអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និង សមាជិកព្រឹទ្ធសភា ក្នុងករណីដែលប្រជារាស្ដ្រមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner