រដ្ឋបាលខណ្ឌឬស្សីកែវ នឹងស្រាវជ្រាវបង្ក្រាបល្បែង Online មួយកន្លែង ក្រោយបង្ក្រាបម្ដងរួចហើយរបស់ជនជាតិចិន
ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឬស្សីកែវ បានព្រមានចាត់វិធានការក្ដៅ ក្នុងការបង្ក្រាបឲ្យខាងតែបាន ប្រសិនបើការស្រាវជ្រាវរកឃើញពិតមែនថា មានលបលួចបើកល្បែង Online ភ្នាល់ចាក់បាល់មួយកន្លែង ដែលកន្លងមកអាជ្ញាធរ និងសមត្ថកិច្ចធ្លាប់សហការចុះបង្ក្រាបម្ដងរួចមកហើយ របស់ជនជាតិចិន បែរជាអាចបើកដំណើរការលេងឡើងវិញយ៉ាងគគ្លើន ស្ថិតនៅផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ដូចសារព័ត៌មានមួយចំនួនចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ ទូហ្គេមសម្រាប់លេងភ្នាល់តាម Online ចំនួន១២គ្រឿង ដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ទាំងយប់ទាំងថ្ងៃ របស់ជនជាតិចិន ស្ថិតនៅផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ខាងលើនេះ ត្រូវបានលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប។

បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញចំគោលដៅពីលោក ជា ពិសី អភិបាលខណ្ឌ បន្ទាប់ពីលោកទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបើកការតាមដានស៊ើបអង្កេត រកឲ្យឃើញជាក់ស្ដែងនៃបទល្មើស ទើបឈានដល់ការបង្ក្រាបដកហូតទូហ្គេមចំនួន១២គ្រឿង យកមករក្សាទុកតែម្ដង។

បន្ថែមពីនេះ លោក ជា ពិសី ក៏បានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅតែបន្តក្នុងការស្រាវជ្រាវបង្ក្រាបឲ្យកាន់តែក្លាំងក្លា ដើម្បីរក្សាសន្តិសុខ និងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បើទោះជាទទួលបាន ឬមិនអាចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដោយ៕ធ.ដ




