Facebook និង Instagram ប្តឹងក្រុមហ៊ុន និងបុគ្គលមួយចំនួន ករណីបង្កើត Like ក្លែងក្លាយ
ក្រុមហ៊ុនបណ្តាញសង្គមយក្សចំនួនពីរ រួមមានFacebook និង Instagram ថ្មីៗនេះ បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការសហរដ្ឋអាម៉េរិកប្តឹងក្រុមហ៊ុនចំនួន៤ និងបុគ្គល ៣ រូប នៅប្រទេសចិនជុំវិញការបង្កើត និងផ្សព្វផ្សាយការលក់គណនី Like និង Follower ក្លែងក្លាយលើបណ្តាញសង្គមរបស់ខ្លួន។

តាមរយៈពាក្យបណ្តឹង មានការចោទប្រកាន់ក្រុមហ៊ុន និងបុគ្គលខាងលើពីបទរំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញាដោយប្រើប្រាស់ស្លាកយីហោ និងម៉ាករបស់ Facebook/Instagram។
រំឭកថាគ្រប់បណ្តាញសង្គមចាប់ផ្តើមរងសម្ពាធយ៉ាងក្តៅគគុក ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើននូវការចែកចាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់។

យ៉ាងណាក៏ដោយ ពុំមានការបង្ហើបអត្តសញ្ញាណនៃក្រុមហ៊ុន និងបុគ្គលដែលខ្លួនប្ដឹងផ្ដល់ឡើយ ប៉ុន្តែត្រឹមដឹងថាពួកគេកន្លងមកក៏ធ្លាប់ផ្សព្វផ្សាយការប្រើប្រាស់គណនីក្លែងក្លាយលើ Amazon, Apple, Google, LinkedIn និង Twitter ផងដែរ៕ធ.ដ
