អង្គការក្រៅរដ្ឋាភិបាលចិនមួយផ្ដល់សម្ភារ៥មុខ សម្រាប់បម្រើឲ្យសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
នៅព្រឹកថ្ងៃទី៤មីនានេះ អាជ្ញាធរមីនកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Peaceland Foundation ក្រោមអធិបតីភាពអនុប្រធានទី១អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោកWang Wentian ។

អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន និងនាយកអង្គការ Peaceland Foundation លោក Wang Ke សម្រាប់កិច្ច សហប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមានរយៈពេល៥ឆ្នាំ ក្នុងគម្រោងអភិវឌ្ឍន៍ក្នុងភូមិមួយនៃខេត្តសៀមរាប ។

លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន អនុស្សរណៈនៃការយោគយល់នោះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការគាំទ្រការងារ បោសសម្អាតមីនពីអង្គការ Peaceland Foundation ដោយស្របតាមការអនុវត្តនូវគោល នយោបាយភូមិគ្មានមីន ។

លោកទេសរដ្ឋមន្ត្រីក៏បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីប្រវត្តិនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងនូវទំនាក់ទំនងជាប្រវត្តិសាស្រ្តជាអមតៈពុំអាចកាត់ថ្លៃបាន ជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពោពេញដោយភាពជិតសិ្នទ្ធប្រៀបដូចជាអណ្តាត និងធ្មេញ ដែលមិនអាចបំបែកគ្នាបាន។

យោងតាមអនុស្សរណៈនៃការយោគយល់នោះ អង្គការ Peaceland Foundation នឹងផ្តល់នូវសម្ភារសម្រាប់បម្រើសកម្មភាពបោសសម្អាតមីន ជូនដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) រួមមាន:
-ម៉ាស៊ីនរាវមីនជម្រៅជ្រៅ ចំនួន ១០ គ្រឿង
-ម៉ាស៊ីនរាវមីនជម្រៅរាក់ ចំនួន ១០ គ្រឿង-អាវសុវត្ថិភាព (PPE) ចំនួន ២៥ កំប្លេរ
-មួកសុវត្ថភាព ចំនួន ២៥ មួក
-រថយន្តដឹកអ្នកដំណើរ ០៩កៅអី ចំនួន ០១ គ្រឿង
-រថយន្តភីកអាប់ ចំនួន ០២ គ្រឿង៕ ធ.ដ



