លោកជំទាវ ទាង អេង ទៀសីហា ដឹកនាំមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត សម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ដើម្បីអបអរសាទរខួបលើកទី៦៤ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០១៩) ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ធ្វើការបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅ ធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ហើយជាសំខាន់ដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព” ផងដែរ។

ក្នុងការបញ្ជាក់របស់លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អំពីជីវប្រវត្តិនៃការបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ព្រឹទ្ធាចារ្យឯកឧត្តម ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមខេត្ត ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
លោកព្រឹទ្ធាចារ្យ ទួន ទេស បានគូសបញ្ជាក់ថា កាលបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះឡើង ដើមី្បជាជម្រកធម្មជាតិបៃតង ក្នុងការរួមចំណែកការពារលើកស្ទួយបរិស្ថាន នៅតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោក។ សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ហើយមកដល់ពេលនេះមានអាយុកាល២០ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត៥ហិកតា និងមានដើមឈើប្រមាណ២ពាន់៤៦០ដើម។

ក្នុងឱកាសនោះដែរ លោកជំទាវ ទាង អេង ទៀសីហា ក៏បានគូសបញ្ជាក់ថា នេះជាស្មារតីមួយសម្រាប់យើងគ្រប់រូប ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ ដែលបានផ្តល់នូវធម្មជាតិបរិសុទ្ធ ក្នុងការរស់នៅប្រចាំថ្ងៃ របស់មនុស្សលោក។ សកម្មភាពទាំងនេះ ក៏បានបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានកាន់តែយល់ច្បាស់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងការបាត់បង់ធនធានធម្មជាតិ តើត្រូវរងផលប៉ះពាល់អ្វី ដល់ភពផែនដី។ លោកជំទាវក៏បានលើកឡើងផងដែរ អំពីការបាត់បង់ធនធានធម្មជាតិ បានធ្វើឲ្យភពផែនដីយើងមានការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដោយតំបន់មួយចំនួនបានទទួលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ។ ជាមួយគ្នានេះ លោកជំទាវ បានលើកពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ នៅតាមតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ម៉្យាងទៀត ការធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានាថ្ងៃនេះ ក៏ជាស្មារតីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន គម្របបៃតងនៃឧទ្យានអង្គរ ដើមី្បបម្រើដល់វិស័យទេសចរណ៍ និងការពារភិរក្សប្រាង្គប្រាសាទកុំឲ្យមានការរិចរឹលទៀតផង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner