អាវុធហត្ថរាជធានីបញ្ជូនមុខសញ្ញាឆក់យ៉ាងសកម្ម០៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមុខសញ្ញាឆក់យ៉ាងសកម្ម៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ទៅតុលាការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសតាមច្បាប់ ចំណែកម្នាក់ទៀតបានបញ្ជូនទៅអង្គការ មូលនិធិកុមារកម្ពុជា ធ្វើការគ្រប់គ្រងអប់រំវិញ។ ជាសង្ស័យទី១)ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ
ទី២)ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ ទី៣)ឈ្មោះ សុខន វាសនា ហៅស្រួច ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៤)ឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ១៥ឆ្នាំ (ប្រគល់ឲ្យអង្គការមូលនិធិកុមារកម្ពុជា គ្រប់គ្រងអប់រំ)។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ពួកគេខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងពីណាអាព្យាបាលរបស់ឈ្មោះ ញ៉េប ពុទ្ធា ដែលជាបក្ខពួកក្រុមឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនបាន៣នាក់ មានឈ្មោះ ជុំ វាសនា ឈ្មោះ សុខ សម្បត្តិ ឈ្មោះ ញ៉េប ពុទ្ធា នៅវេលាម៉ោង១១:៥០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់វេលាម៉ោង១៧:០០នាទីថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកគេម្នាក់ទៀតឈ្មោះ សុខន វាសនា ហៅ ស្រួច។ រីឯឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវបានលោក SCOTT NEESON ជនជាតិអូស្រ្តាលី ជាប្រធានអង្គការ មូលនិធិកុមារកម្ពុជា មានទីតាំងនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសុំធានាយកទៅគ្រប់គ្រងដើម្បីធ្វើការអប់រំវិញ ដោយមានការស្នើសុំពីម្តាយរបស់គេនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថផងដែរ។

ក្រោមវិធានការជំនាញ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេប្រាប់ឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពឆក់សម្ភារពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យ៉ាងសកម្ម ដោយពួកគេម្នាក់ៗ ធ្វើសកម្មភាពឆក់បានសម្រេច ០៦ទៅ០៧លើកមកហើយ ចំពោះសម្ភារដែលពួកគេឆក់បានមាន៖ទូរសព្ទ កាបូបលុយ ខ្សែក និងសម្ភារជាច្រើនផ្សេងទៀត។ ចំណែក ប្រាក់ និងសម្ភារដែលពួកគេឆក់បាន គឺយកទៅលក់ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ និងយកទៅលែងល្បែងតាមអ៊ីនធើណិតនៅផ្សារសុវណ្ណា។ រីឯបក្ខពួករបស់ពួកគេដែលរត់គេចខ្លួនមានឈ្មោះ ចាន់ ឈ្មោះ តាន់ ហៅរាជ និងឈ្មោះ ភ័ក្រ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner