ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តំបន់អឺរ៉ុប រីយ៉ានអ៊ែរ នឹងបញ្ឈប់បុគ្គលិក៣.៥០០នាក់ ដោយ សារតែវិបត្តិ COVID-19
អឺរ៉ុប៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តំបន់អឺរ៉ុបគឺ រីយ៉ានអ៊ែរ នឹងធ្វើការកាត់បន្ថយបុគ្គលិកសរុប៣.៥០០នាក់ ប្រសិនបើការពិភាក្សាអំពីការកាត់ប្រាក់ខែបុគ្គលិក ចំពោះមុខវិបត្តិ COVID-19 មិនត្រូវបានឯកភាពគ្នាទេនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។
បើតាមក្រុមហ៊ុនអាកាសចរណ៍ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងដាប្លីន ប្រទេសអៀរឡង់មួយនេះ ខ្លួនបានកាត់បន្ថយបុគ្គលិកសរុប២៥០នាក់រួចទៅហើយ ពីការិយាល័យប្រតិបត្តិនានានៅទូទាំងតំបន់អឺរ៉ុប ហើយក្រុមហ៊ុនក៏គ្រោងកាត់បន្ថយបុគ្គលិកជាង៣.០០០នាក់បន្ថែមទៀតផងដែរ ស្ថិតនៅក្នុងជួរអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះ ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍សន្សំសំចៃធំបំផុតរបស់អឺរ៉ុបមួយនេះ កំពុងស្នើសុំឲ្យពីឡុតទាំងអស់ព្រមទទួលការកាត់បន្ថយប្រាក់ខែរបស់ពួកគេ ២០% និងអូតេស ៥% ។ ហើយក្រៅពីអាកាសចរណ៍ រីយ៉ានអ៊ែរ អាកាសចរណ៍ទាំងតូចទាំងធំនៅទូទាំងសកលោក បានកាត់បន្ថយ និងត្រៀមកាត់បន្ថយបុគ្គលិក ឬខ្លះទៀតដាក់ពាក្យក្ស័យធន ដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់ ដែលបង្កឡើងដោយជំងឺ COVID-19 បានតទៅទៀត ៕ធ.ដ




