សមត្ថកិច្ចចាប់ខ្លួនជនវៀតណាមម្នាក់ រួមនឹងគ្រឿងញៀនជាង២គីឡូក្រាម នៅខេត្តស្វាយរៀង
កម្លាំងស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នៅយប់ថ្ងៃ២៧កុម្ភៈ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កម្លាំងប៉ុស្តិ៍ច្រកទ្វារទ្វេភាគីសំរោង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៩ បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនជាតិវៀតណាម ឈ្មោះ ង្វៀង ថាន់ងុក ភេទស្រី អាយុ២៨ឆ្នាំ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ មានទម្ងន់២គីឡូក្រាម៥មីលីក្រាម។

ការឈានទៅបង្ក្រាបជនសង្ស័យគ្រឿងញៀននោះ ត្រូវគេរាយការណ៍ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការទទួលព័ត៌មានពីប៉ុស្តិ៍ការពារព្រំដែនមីវីតី ស្រុកឌឹវ៉េ ខេត្តឡុងអាន វៀតណាម ថា មានមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ម្នាក់ នៅផ្ទះជួលនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានរឹបអូស និងបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន តាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីធ្វើការស្រាវជ្រាវ កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ

