សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅខណ្ឌចំការមន
ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ពេជ្របុរាណខ្មែរ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះម្ចាស់ទីតាំង ប្ដីប្រពន្ធ នារីរងគ្រោះចំនួន៤នាក់ និងភេទទី៣ម្នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្ទះលេខ១៣៨ G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោកឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងប្ដីមានឈ្មោះ ផាន ផេង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ អុល សុខុន អាយុ២៨ឆ្នាំ។ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ ពេជ្របុរាណខ្មែរ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៨ ព្រឹករហូតដល់យប់ជ្រៅរំលងអាធ្រាត ដោយមាននារីក្មេងចាស់ចំនួន៤នាក់រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ៣ដុល្លារ រយៈពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី២០ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះនារីរងគ្រោះចំនួន៤នាក់ (អនីតិជនម្នាក់) ម្ចាស់ទីតាំងប្ដីប្រពន្ធ និងភេទទី៣ម្នាក់មើលកូនម្ចាស់ទីតាំង នាំខ្លួនទៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ។

សូមបញ្ជាក់ផងដែរ ក្រោយបញ្ចប់ការសាកសួរ ម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ ត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។ ជនភេទទី៣ ដែលមិនមានការពាក់ព័ន្ធត្រូវសមត្ថកិច្ច ធ្វើកិច្ចសន្យាឲ្យទៅផ្ទះវិញ ចំណែកនារីរងគ្រោះទាំង៤នាក់នោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ធ.ដ

