មន្ត្រីកាំកុងត្រូលខេត្តកោះកុង រកឃើញ និងដកហូត ងៀតបបែល និងងៀតត្រីឆ្លាមចំនួន៤គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ នៅផ្សារដងទង់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកោះកុង៖ នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការចូលរួមសហការពីសមត្ថកិច្ចចម្រុះ និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើ បន្លែ ផ្លែឈើ សរសៃគុយទាវ ប្រហិត គ្រឿងសមុទ្រ ងៀតបបែល និងងៀតសាច់ត្រីឆ្លាម ក្នុងផ្សារដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែល និងងៀតសាច់ត្រីឆ្លាម ចំនួន៤គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីកម្ទេចចោលនៅពេលក្រោយ និងឱ្យម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។

បន្ទាប់មក មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner