ថៃសម្រេចផ្អាកជើងហោះហើរទៅអឺរ៉ុប ដោយសារតែភាពតានតឹងប៉ាគីស្ថាន-ឥណ្ឌា
ថៃសម្រេចផ្អាកការហោះហើរទៅកាន់ទ្វីបអឺរ៉ុប បណ្តោះអាសន្ន ក្រោយពេលប្រទេសប៉ាគីស្ថានបិទចរាចរណ៍តាមអាកាស ក្នុងពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌាកាន់តែខ្លាំង។ ក្រុមហ៊ុន Thai Airway International កាលពីថ្ងៃពុធ ទី២៧កុម្ភៈ ម្សិលមិញបានប្រកាសលុបចោលជើងហោះហើរទាំងអស់ ទាំងទៅនិងមក ប៉ាគីស្ថាន និងអឺរ៉ុប ក្រោយពេលដែលប៉ាគីស្ថាន បានសម្រេចបិទលំហរអាកាស ដោយសារតែមានភាពតានតឹងកាន់តែធ្ងន់ជាមួយប្រទេសឥណ្ឌា។

ជើងហោះហើរទាំងអស់ត្រូវត្រលប់មកចំណតអាកាសយានដ្ឋាន Suvarnabhumi ក្នុងរាជធានីបាងកកវិញ។ ដោយសារតែបារម្ភពីសុវត្ថិភាព ក្រុមហ៊ុននេះក៏បានលុបចោលជើងហោះហើរទាំង១១លើក ពីបាងកក ទៅអឺរ៉ុប។

គួរជម្រាបថា នាថ្ងៃពុធនេះយោធាប៉ាគីស្ថានបានអះអាងថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន០២គ្រឿង ដែលហោះចូលដែនអាកាសប្រទេសប៉ាគីស្ថាន ហើយចាប់បានអាកាសយានិកឥណ្ឌា ខណៈឥណ្ឌាបានអះអាងថា យោធាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងវិញរបស់ប៉ាគីស្ថាន តែខាតបង់យន្តហោះចម្បាំង MiG-21 ហើយបាត់ខ្លួនពីឡុតម្នាក់។

ហេតុការណ៍ខាងលើបានកើតឡើង នៅចំពោះមុខស្ថានការណ៍ដែលកំពុងតានតឹងស្រាប់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ក្រោយមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់កាស្មៀរ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈនេះ៕ធ.ដ

