លោក ដូណាល់ ត្រាំ៖ កូរ៉េខាងជើងនឹងក្លាយជាប្រទេសមានសក្តានុពលខ្លំាង បើសិនយល់ព្រមបោះចោលអាវុធនុយក្លេអ៊ែរ
វៀតណាម៖ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃពុធនេះថា កូរ៉េខាងជើងនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចប្រកបដោយសក្តានុពលខ្ពស់ និងអស្ចារ្យ បើសិនជាទីក្រុងព្យុងយ៉ាងឯកភាពរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

ប្រភពបន្តថា តាមរយៈបណ្តាញសង្គមធ្វីតធើត លោក ត្រាំ បានសរសេរសារបង្ហោះថា ប្រទេសវៀតណាមកំពុងតែរីកចម្រើន ដូចទៅនឹងកន្លែងមួយចំនួនតូចប៉ុណ្ណោះនៅលើផែនដី ហើយថា កូរ៉េខាងជើងនឹងអាចដូចគ្នា ហើយលឿនមែនទែន ប្រសិនបើបោះបង់ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល និងឱកាសដ៏កម្រអស្ចារ្យមួយសម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ។

សូមជម្រាបជូនថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទីពីររបស់លោកជាមួយប្រមុខដឹកនំាកូរ៉េខាងជើងលោក គីម នាល្ងាចថ្ងៃពុធនេះ តាមរយៈការជួបសន្ទនាមួយទល់មួយ រយៈពេល២០នាទី និងការទទួលទានអាហារជាមួយគ្នា ដែលមានរយៈពេលជាង០១ម៉ោងនិង៣០នាទី ហើយមេដឹកនាំទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃព្រហស្បត្តិស្អែកនេះ៕ធ.ដ
