អាជ្ញាធររាជធានីកោះហៅម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ មកប្រជុំពីបញ្ហាហាមរថយន្តធំៗចេញ-ចូលក្រុងនៅពេលថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងអភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានធ្វើការកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមហ៊ុនក្រឡុកស៊ីម៉ង់នៅក្នុងរាជធានី ភ្នំពេញទាំងអស់មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗចេញ-ចូលក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនោះ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះទៅគឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតឱ្យ ចេញ-ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបាន ដោយកំណត់ពេលវេលាច្បាស់លាស់។

លោក ឃួង ស្រេង បានធ្វើការណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ត៍ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹកម៉ោង ២រសៀលនិងម៉ោង៥ល្ងាច ត្រូវផ្អាក់ការធ្វើចរាចរណ៍។ លោក ឃួង ស្រេង បានពន្យល់ផងដែរថា ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ មិនឲ្យចូលក្នុងរាជធានីនៅពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់ត៍សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខ ចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ង់ត៍ជាក់ជាមិនខានឡើយ។ 

ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយឲ្យបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលា និងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ទាំងអស់ត្រូវតាមដាន និងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ទាំងអស់ ចៀសវាងឱ្យបាននូវការប្រើប្រាស់ គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ គឺមិនអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់ គឺត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋបាលរាជធានី។

គួរបញ្ជាក់បន្ថែមផងដែរថា ក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ទាំងអស់ ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រនោះជុំ បានសម្រេចអនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner