បណ្ឌិត្យសភានគរបាលកម្ពុជាធ្វើសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩
សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានរៀបចំបើកក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី បានថ្លែង នូវអំណរគុណ និងកោតសរសើរដោយស្មោះចំពោះមន្រ្តី និងគ្រូនៃបណ្ឌិត្យសភានគរបាលកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដែលជាលទ្ធផលនាំឲ្យបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាន៨២,១០% នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ នៃផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំរបស់ខ្លួន។

ឯកឧត្តម បានបន្ថែមទៀតថា នេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ដែលបណ្ឌិត្យសភា មានការរីកចម្រើន និងអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ហើយនាពេលអនាគតខាងមុខនេះ ផ្អែកតាមផែនការយទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) ដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដោយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តី បណ្ឌិត្យសភានគរបាលកម្ពុជា និងមានកិត្យានុភាព និងឧត្តមភាព អាចប្រៀបធៀបបានជាមួយស្ថាប័នបណ្តុះបណ្តាលនគរបាល ក្នុងក្របខណ្ឌអាស៊ាន តំបន់ និងសាកលលោក។

ឯកឧត្តមសេង ផល្លី បានផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូលឲ្យយកចិត្តទុកដាក់ពិភាក្សាឲ្យបានផុសផុល ដោយបង្ហាញពីសារៈសំខាន់នៃប្រធាបទនីមួយៗ បទពិសោធន៍ការងារ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ចំណុចគំរាមកំហែង ទៅលើប្រធានបទចំនួន៥ ដែលគ្របដណ្តប់ទៅលើការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជាទាំងមូលរួមមាន៖

១)ការពង្រឹងសមត្ថភាព និងអភិវឌ្ឍស្ថាប័ន។
២)ការអភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងវិធីសាស្រ្តបង្ហាត់បង្រៀនបែបទំនើប។
៣)ការអភិវឌ្ឍកម្មវិធីអប់រំ ដើម្បីឆ្លើយតបទៅនឹងស្តង់ដាជាតិ តំបន់ និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង។
៤)គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាប្រកបដោយនិរន្តរភាព។
៥)កាលានុវត្តភាពការងារស្រាវជ្រាវវិទ្យាស្ថាននគរបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ធ.ដ


