សេតវិមាន៖ ជំនួបកំពូលថ្ងៃដំបូងរវាងលោក ត្រាំ និងលោក គីម នឹងមានរយៈពេល២ម៉ោង

វៀតណាម៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបពិភាក្សាគ្នារយៈពេល២ម៉ោងនៅក្នុងថ្ងៃពុធនេះ ក្នុងថ្ងៃដំបូងនៃជំនួបកំពូលជាលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

ជំនួបកំពូលជាលើកទីពីររវាងលោក ត្រាំ និងលោក គីម នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធនេះដល់ថ្ងៃព្រហស្បតិ៍តស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងការស្នើសុំដកទណ្ឌកម្មពីកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទាំងពីរ ប៉ុន្តែវានឹងត្រូវតែធ្វើឲ្យមានភាពប្រាកដប្រជា ជាងកាលពីក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី។

សេតវិមានបញ្ជាក់ទៀតថា នៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ និងលោក គីម នឹងត្រូវជួបធ្វើការស្វាគមន៍គ្នាទៅវិញទៅមកនៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល ក្នុងទីក្រុងហាណូយ ហើយ១០នាទីបន្ទាប់ មេដឹកនាំទាំងពីរនឹងជួបគ្នាក្នុងជំនួបមួយទល់នឹងមួយតាមរយៈអ្នកបកប្រែ។ សេតវិមានបន្ថែមទៀតថា នៅម៉ោង៧យប់ថ្ងៃដដែលនេះ ប្រមុខដឹកនាំទាំងពីរក៏នឹងត្រូវចូលរួមផងដែរ ក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងរយៈពេល១ម៉ោង និង៣៥នាទី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner