ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ក្នុងពន្ធនាគារខេត្តសៀមរាប
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវជាសហការីបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន ជនជាប់ចោទ និងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះចំនួន១៥នាក់ នៅក្នុងពន្ធនាគារខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើមី្បគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន ការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានលើកឡើងថាប្អូនៗ ដែលជាជនជាប់ចោទ និងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃ ដែលមានវត្តមាននាពេលនេះ សូមចេះថែរក្សាសុខភាពខ្លួនឯង និងកូនតូចៗ។ ដំណើរចុះសួសុខទុក្ខបងប្អូនស្ត្រីមានកូនតូចនាពេលនេះ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ សំខាន់ដើម្បីរួមចំណែកគាំទ្រ “ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរខ្ពស់ចំពោះសុខភាពបងប្អូនជាស្ដ្រី និងកុមារ។ ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនដល់ម្តាយៗទាំងអស់ផងដែរ។

ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើបងប្អូនស្ត្រីដែលជាជនជាប់ចោទ ពិរុទ្ធជន នៅពេលដែលបានវិលត្រឡប់ទៅកាន់សហគមន៍ខ្លួនវិញ ត្រូវបញ្ជូនកូនៗរបស់ខ្លួនឲ្យបានចូលសិក្សារៀនសូត្រ ពីព្រោះថា កូនៗទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំនៃសង្គមជាតិ ជាអ្នកបន្តការអភិវឌ្ឍប្រទេស និងសង្គមគ្រួសារទៅអនាគត។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូច និងមានផ្ទៃពោះនាឱកាសនេះ ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ទឹកដោះគោ៣កំប៉ុង ស្ករស១គីឡូក្រាម ត្រីខ១យួរ មី១កេស សាប៊ូក្រអូប ២ដុំ សម្ភារទារក១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕ធ.ដ


