ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខបងប្អូនស្ត្រីដែលទើបសម្រាលកូននៅតាមមណ្ឌលសុខភាព
ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា និងលោកជំទាវជាសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាផ្ដល់ជូនមាតា ទារក ដែលទើបនឹងសម្រាលកូនតូចចំនួន៥៩នាក់ នៅមណ្ឌលសុខភាពព្រៃជ្រូក និងសសស្តម្ភ ស្រុកពួក ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីគាំទ្រសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនស្ត្រីទាំងពីរមណ្ឌលសុខភាព លោកជំទាវ ទាង អេង ទៀ សីហា បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅក្នុងមណ្ឌលសុខភាព ធានាបានសុវត្ថិភាពខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។

ក្នុងនោះដែរ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាបណ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមាតាៗគ្រប់រូប សំខាន់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាព ក្រោយពេលការសម្រាលកូនទាំងមាតា និងទារក ត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យផងដែរ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវ ទាង អេង ទៀ សីហា បាននាំយកអំណោយមនុស្សធម៌ ផ្ដល់បងប្អូនស្ត្រីទើបនឹងសម្រាលកូនរួចទាំង៥៩នាក់ ក្នុងមណ្ឌលសុខភាពព្រៃជ្រូក៣៤នាក់ មណ្ឌលសុខភាពសសរស្តម្ភ ២៥នាក់ ដោយម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រម៉ា១ មី១កេស ត្រីខ១យួរ ទឹកដោះគោ០៣កំប៉ុង ស្ករស០១គីឡូ សាប៊ូក្រអូប៣ដុំ និងថវិកាចំនួន៥ម៉ឺនរៀល ផងដែរ ៕ធ.ដ ដោយៈ ម៉ី សុខារិទ្ធ

