លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ
វៀតណាម៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ ថ្ងៃអង្គារនេះ មុនជំនួបកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីយប់នេះ ហើយបន្ទាប់មកលោកនឹងធ្វើដំណើរ ចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែលគេរំពឹងទុកនោះគឺសណ្ឋាគារ JW Marriott។
អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា លោក ត្រាំ នឹងជួបមុខគ្នាមួយទល់មួយជាមួយ លោក គីម នាវេលាល្ងាចថ្ងៃពុធ ស្អែកនេះ ខណៈនាពេលព្រឹកលោកនឹងជួបមេដឹកនាំកំពូលៗវៀតណាម ។ រីឯកិច្ចប្រជុំបន្តបន្ទាប់ទៀតជាមួយ លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅនាថ្ងៃ ព្រហស្បតិ៍្តសប្តាហ៍នេះ៕

