អ្នកសារព័ត៌មានជាច្រើនអង្គភាព រង់ចាំតាមដាន និងយកព័ត៌មាន ស្តីពី អ្នកសារព័ត៌មានចំនួន២រូប ដែលត្រូវបានលោក លី ផេង ប្ដឹងមកកាន់កងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖អ្នកសារព័ត៌មានជាច្រើនអង្គភាព មកពីរាជធានីភ្នំពេញ និងនៅក្នុងខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩ បានមកកាន់មុខទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំតាមដាន និងយកព័ត៌មាន ស្តីពី អ្នកសារព័ត៌មានចំនួនពីររូប ដែលត្រូវបានលោក លី ផេង ប្ដឹងមកកាន់កងរាជអាវុធហត្ថខេត្ត ពីបទញុះ​ញង់ និងជំរិតព័ត៌មាន ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២០ និង២១ ខែកុម្ភៈ នៅចំណុចដីទំនាស់ ស្ថិត ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សូមរំលឹកថា បន្ទាប់ពីមានទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៣៧គ្រួសារ ដែលរងគ្រោះ ដោយសារការ​ទិញដី​មិនបានដី អស់រយៈពេលជាង៣ឆ្នាំកន្លងទៅ នៅថ្ងៃទី២០ និង២១ ប្រជាពលរដ្ឋ បាននាំគ្នាចូលទៅធ្វើ​រោងលើ​ដីរបស់ខ្លួន ដែលបានទិញ តែត្រូវបានលោក លី ផេង ហាមឃាត់និងរុះរើចេញ ដោយអះអាងថា ខ្លួនជា​ម្ចាស់ដីពិតប្រាកដ និងមានដីការរក្សាការពារ របស់តុលាការ រាជធានីភ្នំពេញ ហើយបានបញ្ជាឲ្យកម្មករ​របស់ខ្លួន រុះរើរោងរបស់ប្រជាពលរដ្ឋ ទាំង៣៧គ្រួសារនោះចេញ ។ បន្ទាប់មក មានការសម្របសម្រួលគ្នា នៅសាលា​សង្កាត់ខ្សាម រវាងប្រជាពលរដ្ឋ ទាំង៣៧គ្រួសារ ជាមួយលោក លី ផេង ផងដែរ ។ ប៉ុន្តែការស​ម្រប​សម្រួលមិនទទួលបានលទ្ឋផលឡើយ ។

ក្នុងហេតុការខាងលើនេះ លោក កែវ រតនា នាយកសារព័ត៌មាន NTV ​និងលោក សុខ ចន្ថា នាយក​សារព័ត៌​មាន MCTV ដែលបានចុះទៅយកព័ត៌មាន ដោយឡាយបន្តផ្ទាល់ ពីសកម្មភាព ទំនាស់គ្នាខាងលើនេះ ត្រូវបាន​​លោក លី ផេង បឹ្តងពីបទញុះញង់ និង ជម្រិតព័ត៌មាន ។

នៅថ្ងៃទី២៦ កុម្ភះដ៏ដែលនោះដែរ ក្រោយពីការសាកសួរ រហូតដល់ម៉ោង ១និង៤០នាទីរសៀល លោក លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានផ្តល់កិច្ចសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មានថា ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ លោកបានអនុវត្តទៅតាមពាក្យបណ្ដឹងរបស់លោក លី ផេង ដែលប្ដឹងអ្នកកាសែត២រូប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង លោកគ្មានសិទ្ឋ វិនិច្ឆ័យ ខាងណា​ខុសខាងណាត្រូវនោះទេ ។ ប៉ុន្តែយ៉ាងនេះក្តី សម្រាប់ជំហរបស់លោក គឺលោកចង់អោយរឿងនេះ បានចប់​នៅត្រឹមកន្លែងលោកចុះ មិនចង់អោយវែងឆ្ងាយ ដល់តុលាការនោះទេ ។ ពេលនេះ លោកបាន​សាកសួរ​ភាគីចុងចំលើយ រួចរាល់ហើយ នៅឡើយភាគីដើមចោទ តែប៉ុណ្ណោះ ។ ហើយបើសិនជាគ្មានអ្វីធំដុំទេ នឹងអាច​បញ្ចប់រឿងនេះ ក៏ថាបានដែរ សម្រេចលើភាគីដើមចោទតែប៉ុណ្ណោះ ។

លោក កែវ រតនា នាយកសារព័ត៌មាន NTV ដែលរងការចោទប្រកាន់ខាងលើ បាននិយាយដែរ ថា លោកមិនបានញុះញង់ ឲ្យប្រជាពលរដ្ឋទៅសាងសង់រោង លើនៅលើដីទំនាស់នោះទេ ការសាងសង់រោង វាជាសិទ្ធិរ​បស់ប្រជាពលរដ្ឋរងគ្រោះ ។ ចំណែកលោក គ្រាន់តែជាអ្នកយកព័ត៌មាន ផ្សាយពីប្រជាពលរដ្ឋ​រងគ្រោះ ដែលកំពុងជួបការលំបាក  នេះជាភារកិច្ចរបស់អ្នកសារព័ត៌មាន ។ រឿងចោទលោកថាៈ ជំរិតព័ត៌មាន  តើជំរិត​បែបណា ព្រោះធម្មតាអ្នកសារព័ត៌មាន គឺត្រូវការព័ត៌មានទាំងសងខាង ទាំងប្រជាពលរដ្ឋ និង ទាំងខាង​លោក លី ផេង ដើម្បីអោយមានសមធម៌ ។ ក្នុងរឿងនេះលោកនឹងបន្តសាកសួរព័ត៌មាន បន្ថែមពីលោក លី ផេង ទៀតដោយមិនរាថយឡើយ ដើម្បីអោយដឹងថា ខាងណាខុសខាងណាត្រូវ ។

ដោយឡែក ឯកឧត្តម នួន សុខាវី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋា  ភិបាល ក៍បាននិយាយដែរថា លោកមកទីនេះ គឺគ្រាន់តែតាមដានសភាពការណ៍ និងសាច់រឿងតែប៉ុណ្ណោះ លោក​មិនបានស៊ីជម្រៅទៅនឹងច្បាប់ថា ខាងណាខុស ខាងណាត្រូវឡើយ ទុករឿងនេះ ជូនអ្នកច្បាប់ទៅចុះ លោក​មកទីនេះ គឺមកតាមដានសាច់រឿង អោយពិតប្រាកដតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ដើមរឿងនៃទំនាស់នេះ លោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ធ្លាប់​បាន​បញ្ជាក់ ប្រាប់អ្នកសារព័ត៌មានហើយថា ដើមឡើយលោក សាយ សួ បានទិញដីពីលោកតា ជៀម ហៃ បន្ទាប់​មកបានផ្ទេរសិទ្ឋទៅអោយ លោក អៀរ គុយម៉ុង ហៅក្តាន់ និងបានចាក់ដីពុះឡូលក់ ។ ស្រាប់តែក្រោយ​មក​ទៀត  ឃើញឈ្មោះ លី ផេង បានយកលុយ៥ពាន់ដុល្លាមកប្រគល់អោយ លោកតាជៀម ហៃ ទៅវិញ ។ លោក​​ចៅ​សង្កាត់ខ្សាម បានបញ្ជាក់ថា លោក សាយ សួ មានលិខិតផ្ទេសិទ្ឋ អោយលោក អៀរ គុយម៉ុង ហៅក្តាន់ តែលោក មិនឃើញលោក លី ផេង ទទួលសិទ្ឋពីខាងណានោះទេ។ ក្នុងការសាកសួរបស់ មន្ត្រីកងរាជអាវុធហត្ថ លើសំណុំរឿងខាងលើ មិនឃើញមានវត្តមានលោក លី ផេង នោះឡើយ ទើបយើងមិនអាចសុំការបំភ្លឺបាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner