ក្រុមហ៊ុន Cellcard សហការជាមួយក្រុមតន្រ្តីខ្មែរវ័យក្មេង Mustached Band ដើម្បីលើកស្ទួយវិស័យចម្រៀងនៅកម្ពុជា ក៏ដូចជាស្រូបទាញចំណាប់អារម្មណ៍អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុន Cellcard សហការជាមួយនឹងក្រុមតន្ត្រីយុវវ័យខ្មែរ Mustache Band រៀបចំការប្រគុំតន្រ្តីដ៏ធំមួយ នៅផ្សារទំនើបអីអនម៉លសែនសុខ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ ស្ថិតក្នុងគោលបំណងលើកកម្ពស់វិស័យចម្រៀងនៅកម្ពុជា ក៏ដូចជាព្យាយាមស្រូបទាញយកការចាប់អារម្មណ៍ពីសំណាក់អតិថិជនមកលើក្រុមហ៊ុន។
ការប្រគំតន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីក្រុម Mustache Band បានចេញបទចម្រៀងថ្មីរបស់ពួកគេ គឺបទ “អាក្របី” ដែលមានចំនួនអ្នកទស្សនាចូលមើលជាង៥លាននាក់នៅក្នុងបណ្តាញសង្គម YouTube ។ ក្រុមហ៊ុនសែលកាតក៏មានបញ្ចូលបទចម្រៀងនេះ និងបទភ្លេងផ្សេងៗទៀតដែរ នៅលើសេវា Calltunes របស់ខ្លួន ដែលមានចំនួនការភ្ជាប់យកកើនឡើងជារៀងរាល់ថ្ងៃ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Ian Watson អគ្គនាយកក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាសមាសភាគមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់កម្មវិធីយុវជនដែលដឹកនាំដោយក្រុមការងារផ្នែកទីផ្សារ។ លោកបន្តថា យើងផ្តោតខ្លាំងលើការចូលរួមជាមួយអតិថិជនរបស់យើង ជាមួយនឹងបទពិសោធន៍ដែលរំភើប និងរីករាយ ជាពិសេសសម្រាប់យុវជននៅពេលយើងបន្តកសាងប្រេនរបស់យើងនៅឆ្នាំនេះ។
ជាមួយគ្នានោះ លោក ចេន ដែលជាមេក្រុម Mustache Band បានបញ្ជាក់ថា រូបលោករីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន Cellcard ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពនៅទូទាំងប្រទេស។ លោកបន្ថែមទៀតថា ការធ្វើការជាមួយក្រុមការងារសែលកាត គឺវាហាក់បីដូចជាគ្រួសារ និងគ្នាអ៊ីចឹងហើយលោកមានអារម្មណ៍ថា នេះគឺជាផ្នែកមួយនៃគុណតម្លៃរបស់ក្រុមហ៊ុន។ សូមបញ្ជាក់ថា Mustache Band គឺជាក្រុមតន្រ្តីដែលមានទេពកោសល្យខ្ពស់ក្នុងចំណោមក្រុមផ្សេងៗទៀតជាច្រើននៅកម្ពុជា ដែលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Cellcard៕ម.ន



