ឯកឧត្តម ណុប ចាន់ណារិន្ទ ជម្រាបជូនអភិបាលខេត្តតាកែវ និងសមត្ថកិច្ចស្នាក់ការតាមព្រំដែនពី បេសកកម្មចម្បងរបស់ក្រសួងទំនាកទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
ខេត្តតាកែវ៖ បេសកកម្មចម្បងរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទរពអ) ក្នុងអាណត្តិទី៦ នៃរដ្ឋសភា គឺបន្តជំរុញចុះតាមដានការអនុវត្តច្បាប់ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភ បំពានដោយប្រើអំណាច ដើម្បីប្រយោជន៍បុគ្គល បក្សពួក និងការពារសិទ្ធរបស់ពលរដ្ឋ ពោលគឺ ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្នុងឱកាសដែលឯកឧត្តមទទួលបានការអុញ្ញាតពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់តាំងឲ្យដឹកនាំប្រតិភូ ចុះតាមដានការអនុវត្តច្បាប់នៃអនុក្រឹត្យលេខ៦៤ អ ន ក្រ/បក នៅក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
សូមបញ្ជាក់ថា ប្រតិភូតាមដានការអនុវត្តច្បាប់នៃក្រសួង ទរពអ នៅក្នុងខេត្តតាកែវ បានធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីតាមដានការអនុវត្តច្បាប់ផង និងតាមដានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការកែទម្រង់នៅតាមច្រកព្រំដែន ឲ្យមានប្រសិទ្ធភាព ដោយត្រូវបានប្រគល់ភារកិច្ចឲ្យស្ថាប័ន២ គឺស្ថាប័នអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងស្ថាប័ននគរបាលអន្តោប្រវេស្តន៍ ដើម្បីធ្វើកិច្ចការងារនៅតាមច្រកព្រំដែននានា នៅទូទាំងប្រទេស។ បន្ទាប់បានជួបសម្តែងការគួរសមគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធរួចមក មន្ត្រីប្រតិភូក្រសួង ទរពអ បានចុះជួបជាបន្តបន្ទាប់នៅតាមច្រកព្រំដែនសំខាន់ៗ ដូចជា ពិនិត្យស្នាក់ការច្រកទ្វារកំពង់ក្រសាំង បាក់ដៃ និងច្រកទ្វារអន្តរជាតិភ្នំដិន ដោយផ្តោតលើការងារសំខាន់ៗទៅតាមអនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី៩ កក្កដា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារព្រំដែន ច្រកទ្វារព្រំដែនសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តែងតែផ្តាំផ្ញើឲ្យមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បន្តតាមដានការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដែលមានអភិបាលកិច្ចល្អជាមូលដ្ឋានគ្រឹះ និងអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យតម្រង់ទិសដល់មន្ត្រីយើង មុននឹងឈានដល់ការវះកាត់។
សូមរំលឹកថា ក្រសួងមានតួនាទី២ ជាសំខាន់ ក្នុងការធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដូចជា មាភារកិច្ចធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដើម្បីសម្របសម្រួល ធ្វើទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា និងចូលរួមតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់ ដោយធ្វើការផ្សព្វផ្សាយច្បាប់យ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានយល់ដឹង។ ក្រៅពីការងារខាងលើ ក្រសួងបានចុះទៅដល់គ្រប់ ខេត្ត ក្រុង ស្រុក ទីជនបទ ទីដាច់ស្រយាល និងសហគមន៍នានា ដើម្បីបើកវេទិកាសាធារណៈ អប់រំផ្សព្វផ្សាយច្បាប់ ធ្វើការស្ទាបស្ទង់មតិ ដើម្បីស្វែងយល់ពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយ រាល់អនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ពិសេស កម្មវិធី នយោបាយ ផែនការ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ជូនដល់ប្រជាពលរដ្ឋ ហើយនាំនូវសំណូមពរ របស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ។ ការងារទី២គឺ ការងារអធិការកិច្ច តាមស្ថាប័ន និងអង្គភាពនានា ជាប្រចាំ ដែលនេះជាភារកិច្ចមានសារៈសំខាន់ទាក់ទងនឹងការពង្រឹងការអនុវត្តច្បាប់ សំដៅធានាប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុ ភាពអសកម្ម នានា នៅក្នុងជួររដ្ឋបាលសាធារណៈក៏ដូចជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព នៃថវិកា និងទ្រព្យ សម្បត្តិរដ្ឋ និងការពារសិទ្ធរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា ក្រៅពីការងារខាងលើ ក្រសួងនៅមានភារកិច្ច ច្រើនទៀត ដូចជាការតាមដានការអនុវត្តច្បាប់ ការទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដោះស្រាយពាក្យបណ្តឹង និងបណ្តុះបណ្តាល អធិការកិច្ច តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។ ឯកឧត្តមបានបន្ថែមទៀតថា ជាមួយនឹងទិសដៅ ក្រសួងសម្រេចបានលទ្ធផលជាច្រើន ក្នុងការងារ អធិការកិច្ច ដូចជា៖ ការងារទទួលពាក្យបណ្តឹង (បណ្តឹងតវ៉ា និងបណ្តឹងបរិហារ) ការងារស៊ើប អង្កេត ករណីបណ្តឹងពាក់ព័ន្ធទំនាស់ដីធ្លី ការងារ សម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរៃ បានជាច្រើន ករណី ការងារតាមដានការអនុវត្តច្បាប់ការកែលម្អ ចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័នអង្គភាព សាធារណៈ លើកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អជំរុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ លើសពីនេះ ក្រសួងក៏មានភារកិច្ចធ្វើការអប់រំ បង្ការទប់ស្កាត់ និងកែលម្អកំហុសឆ្គងក្នុង ការអនុវត្តការងាររបស់ក្រសួង-ស្ថាប័នអង្គភាព គ្រឹះស្ថានសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកែលម្អ ជំរុញ លើកកម្ពស់ អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណ ទាំងដំណាក់កាលទី១ ដល់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម ណុប ចាន់ណារិន្ទ បានអះអាងថា ក្រុមការងារបានជម្នះ និងបំពេញតួនាទីទៅតាមច្បាប់អនុញ្ញាត ហើយយើងបានឃើញច្បាស់ថា ការងាររបស់យើងពិតជាជួយធានាការពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន-អង្គភាព រដ្ឋ ធានាសុវត្ថិភាព និងសិទ្ធសេរីភាពជូនប្រជាពលរដ្ឋ និងនាំមកនូវតម្លាភាពកាត់បន្ថយបាននូវបាតុភាពអសកម្មនានា ដូចជាតម្រូវឱ្យអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុននានា ជាមួយរដ្ឋឱ្យបានល្អ ជួយកាត់បន្ថយ និងលុបបំបាត់ ការកឹបកេងថវិកា និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋខុសទិសដៅជាដើម។
ឯកឧត្តមអ្នកនាំពាក្យបន្តថា ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា និងអធិការកិច្ច បានតម្រង់ទិស និងណែនាំឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងសកម្មភាព ការងាររបស់ខ្លួន ស្របតាមការកែទម្រង់ស៊ីជម្រៅការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។ ដូច្នេះការងារអធិការកិច្ចពិតជាមានសារៈសំខាន់ មិនអាចខ្វះបានដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពយ៉ាងពិតប្រាកដ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕ម.ន





