សម្តេចប្រធានរដ្ឋសភាកម្ពុជា អបអរសាទរចំពោះវៀតណាម ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង
នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញា ចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅឯវិមានរដ្ឋសភា។
បន្ទាប់ពីចប់ជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសវៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងក្នុងតំបន់ និងសកលលោក ហើយកិត្យានុភាពរបស់មិត្តវៀតណាម កាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាមួយគ្នានេះសម្តេចបានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង គឺលោក ដូ ណាល់ត្រាំ និងលោក គីម ជុងអ៊ុន ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគំាទ្រប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល នៃការតស៊ូរំដោះជាតិកាលពីមុន រួមចំណែកស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ការស្តា កសាង និងអភិវឌ្ឍន៍ប្រទេសរហូតមានការរីកចម្រើន ដូចបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចបានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារ ក្នុងការកសាង អគារធ្វើការរបស់រដ្ឋសភាកម្ពុជា។
ឯកឧត្តម ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសវៀតណាម មានការអភិវឌ្ឍសព្វថ្ងៃនេះ ដោយសារតែមានការចូលរួមគាំទ្រ ពីប្រទេសជន និងមានការគាំទ្រពីបណ្តាប្រទេស ក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាផងដែរ។ឯកឧត្តម បានបញ្ជាក់ទៀតថាទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែត្រូវបានពូនជ្រុំយ៉ាងរឹងមាំ ហើយបាន កំពុងខិតខំកសាងអភិវឌ្ឍន៍ប្រទេសទាំងពីររៀងៗខ្លួនឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យ។ ចំពោះទំនាក់ទំនងមិត្តភាពរវាងស្ថាប័តនីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែរឹងមាំ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលវេលាសមរម្យណាមួយ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៥ -ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ង្វៀន ហ្វ៊ូជុង បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះដែរ ឯកឧត្តម ង្វៀន ហ្វ៊ូជុង រួមទាំងគណៈប្រតិភូបានចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជាផងដែរ។ នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ង្វៀន ហ្វ៊ូជុង និងគណៈប្រតិភូ បានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបានជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។ ឯកឧត្តម ង្វៀន ហ្វ៊ូជុង ក៏អញ្ជើញចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ៕ម.ន



