ប្រមុខការទូតអ៊ីរ៉ង់ដែលជាស្ថានិកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រកាសលាលែងពីតំណែង

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដែលជាអ្នកនាំមុខក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានប្រកាសលាលែងពីតំណែងរបស់លោក តាមរយៈបណ្តាញសង្គាម Instagram នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែលោកអាចលាឈប់ពីតំណែងបាន នៅពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ព្រមទទួលយកការលាលែងនេះ។

ការលាលែងពីតំណែងរបស់ប្រមុខការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ ត្រូវបានបញ្ជាក់ដោយប្រភពព័ត៌មានមួយ ប៉ុន្តែនាយសេនាធិការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានបដិសេធដាច់ខាតចំពោះរបាយការណ៍ដែលថា ប្រធានាធិបតីអ៊ីរ៉ង់បានទទួលយកការលាលែងពីតំណែងរបស់លោក Mohammad Javad Zarif នៅលើទំនាក់ទំនងសង្គម។ មិនតែប៉ុណ្ណោះ ក្រុមសមាជិកសភាដ៏លេធធ្លោក៏បានអំពាវនាវប្រធានាធិបតីអ៊ីរ៉ង់ កុំឱ្យទទួលយកការលាលែងនេះផងដែរ។

សូមបញ្ជាក់ផងដែរថា លោក Mohammad Javad Zarif មានអាយុ៥៩ឆ្នាំ បានធ្វើការជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចាប់តាំងពីខែសីហាឆ្នាំ២០១៣ ហើយត្រូវបានស្ថិតនៅក្រោមសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមជនដែលមាននិន្នាការជំទាស់នឹងគោលនយោបាយបង្កើតទំនាក់ទំនងល្អរបស់លោក ជាមួយក្រុមប្រទេសលោកខាងលិច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner