ខ្សែភាពយន្ត «បោកចំបាប់» ដែលបង្ហាញពីអត្តសញ្ញាណបូរាណខ្មែរ គ្រោងនឹងដាក់បញ្ចាំងផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី១៤មីនា ខាងមុខនេះ

ភាពយន្តបោកចំបាប់ឆ្លុះបញ្ចាំងអំពីកីឡាអត្តសញ្ញាណបូរាណខ្មែរ ដែលបង្កប់នូវសារអប់រំជាច្រើនដល់យុវជនជំនាន់ក្រោយ មានរយៈពេល២ម៉ោង ដោយចំណាយពេលថតប្រមាណ២ឆ្នាំ ក្នុងទំហំទឹកប្រាក់ផលិតប្រមាណជា៣០ម៉ឺនដុល្លារអាម៉េរិក គ្រោងនឹងដាក់បញ្ចាំងនាពេលឆាប់ៗ។ នេះជាការបញ្ជាក់របស់ផលិតករសញ្ជាតិឥណ្ឌា លោក MANISH SHARMA ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ នៅទីស្នាក់ការគណៈកម្មាជាតិអូឡាំពិកកម្ពុជា។ លោកសង្ឈឹមជឿជាក់ថា ខ្សែភាពយន្តនេះ នឹងធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍។

លោក MANISH SHARMA បន្តទៀតថា ខ្សែភាពយន្តអត្តសញ្ញាណមួយនេះ នឹងត្រូវដាក់បញ្ចាំងនៅប្រទេសកម្ពុជារយៈពេល២ខែ ចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ខាងនេះ បន្ទាប់មក នឹងបន្តដាក់បញ្ចាំងនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ឡាវ ថៃ ឥណ្តូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី តំបន់អឺរុប និងសហរដ្ឋអាម៉េរិក។ ផលិតករសញ្ជាតិឥណ្ឌារូបនេះអះអាងថា ប្រសិនបើការដាក់បញ្ចាំងទទួលបានការគាំទ្រពីមហាជនច្រើន និងចំណេញ លោកនឹងយកថវិកាទៅឧបត្ថម្ភដល់កីឡាចំបាប់ និងការងារមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានបញ្ជាក់ថា ខ្សែភាពយន្តចំបាប់នេះ គឺជាខ្សែភាពយន្តដំបូងគេនៅកម្ពុជា ដែលបង្ហាញពីគ្រួសារមួយ ដែលចូលចិត្តកីឡាចំបាប់ ហើយធ្វើការហ្វឹកហាត់រហូតឈានទៅរកឧត្តមភាពនាពេលអនាគត ចំពោះកីឡាចំបាប់បូរាណខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវជនរួមជាតិខ្មែរទាំងអស់ ចូលរួមទស្សនាគាំទ្រខ្សែភាពយន្តនេះឲ្យបានច្រើនកុះករ និងលើកទឹកចិត្តអ្នកផលិតករឲ្យផលិតខ្សែភាពយន្តខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត  ដើម្បីចូលរួមលើកកម្ពស់កីឡាបូរាណខ្មែរ ជាពិសេសរួមចំណែកអភិរ្ស និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ ឲ្យកាន់តែសុះសាយពាសពេញពិភពលោក។

សូមបញ្ជាក់ថា ខ្សែភាពយន្តខ្មែរ ដែលមានឈ្មោះថា «បោកចំបាប់» គឺមានការចូលរួមសម្តែងភាគច្រើនជាអ្នកកីឡាករចំបាប់ ផលិតដោយក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា ហើយគ្រោងនឹងដាក់បញ្ជាំងនៅថ្ងៃទី១២ ខែមីនាខាងមុខនេះ ជាពិសេសមានការបញ្ចុះតម្លៃសំបុត្រសម្រាប់សិស្ស និសិ្សត កីឡាករ កីឡាការិនី ហើយពិធីសម្ពោធជាផ្លូវការនឹងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner