លោក ហ្សូអាបេ៖ បើទោះជាមានការធ្វើប្រជាមាតិជំទាស់ ក៏មូលដ្ឋានទ័ពអាម៉េរិកនឹងស្ថិតក្នុងខេត្តអូគីណាវ៉ាដដែល

ជប៉ុន៖ គម្រោងរុះរើទីតាំងមូលដ្ឋានយោធាអាម៉េរិកនៅប្រជុំកោះអូគីណាវ៉ា នឹងពុំមានការប្រែប្រួលឡើយ ទោះបីជាប្រជាជននៅទីនោះបានធ្វើប្រជាមតិក្នុងសំឡេងភាគច្រើនបានជំទាស់កាលពីចុងសប្តាហ៍មុន នេះបើតាមការអះអាង របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ។ ប្រជុំកោះអូគីណាវ៉ា គឺជាដែនដីមួយចំរៀកតូចប៉ុណ្ណោះរបស់ជប៉ុន ក៏ប៉ុន្តែខេត្តនេះជាជម្រកនៃកម្លាំងទ័ពជាងពាក់កណ្តាល ក្នុងចំណោមទ័ពប្រមាណជា៤៧,០០០នាក់របស់ សហរដ្ឋអាម៉េរិក។ វត្តមានយោធាអាម៉េរិកដ៏ច្រើនបែបនេះ បានបង្កបញ្ហាផ្សេងៗដល់ប្រជាជនជប៉ុនដែលរស់នៅទីនោះ រួមមានទាំងសំឡេងរំខាន រហូតដល់គ្រោះថ្នាក់ និងបទល្មើសនានា។ ដើម្បីបន្ធូរបន្ថយភាពតានតឹងនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៦ ដើម្បីរុះរើបន្ទាយ ហ៊្វូតែនម៉ា ចេញពីតំបន់ដែលមានមនុស្សរស់នៅច្រើន ទៅកាន់ទីតាំងដាច់ឆ្ងាយមួយនៅជាប់ឆ្នេរសមុទ្រ នៅអូគីណាវ៉ាដដែល។ ប៉ុន្តែប្រជាជនអូគីណាវ៉ា ចង់ឃើញមូលដ្ឋានយោធានេះរើចេញពីអូគីណាវ៉ាតែម្តង ព្រោះថាបន្ទុកនៃការទទួលទ័ពអាម៉េរិកឲ្យឈរជើង គួរតែត្រូវចែករំលែកឲ្យស្មើភាពគ្នានៅទូទាំងប្រទេសជប៉ុន៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner