អ្នកភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ធ្វើពិធីឡើងអ្នកតា និងបំបួសដើមឈើសុំសេចក្តីសុខ
កំពង់ធំ៖ ដើម្បីចូលរួមថែរក្សានូវទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងសម្បត្តិធម្មជាតិឲ្យបានកង់វង្សយូរអង្វែង ប្រជាពលរដ្ឋភូមិត្រពាំងថ្មឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំបានរៀបចំពិធីពិធីឡើងអ្នកតា និងបំបួសដើមឈើនៅក្នុង ព្រៃសហគមន៍ឃ្មុំស្រករថ្លុកឬស្សីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំពិធីឡើងអ្នកតានេះគឺមានតាំងពីយូរយារណាស់មកហើយហើយពេលនេះបងប្អូនប្រជាពលរដ្ឋបានរៀបចំពិធីឡើងអ្នកតានេះ គឺដើម្បី ជាកម្លាំងសាមគ្គីមួយក្នុងការបណ្ដេញនូវឧបទ្រពចង្រៃ និងដើម្បីសុំសេចក្តីសុខ ព្រមទាំងសុំទឹកភ្លៀងដើម្បីស្រោចស្រពភោគផលរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដើម្បីរក្សាទុកឱ្យបានយូរអង្វែងដល់ ក្មេងជំនាន់ក្រោយបានដឹងបានឃើញ និងបានឮ។ លោកបន្តថា ការឡើងអ្នកតាគឺជាការបង្ហាញចាស់ស្រុកដែលបានទទួលមរណភាពទៅរាប់រយឆ្នាំគឺហៅថាអ្នកតាដោយលើកឈ្មោះមកឧទ្ទិស ហើយការឡើងអ្នកតាដែរ គឺកាលណា មានរោងថ្មី គឺគេធ្វើពិធីដង្ហែជុំវិញរោថ្មី ៣ជុំ ដោយមានបទចម្រៀងផ្សេងៗ និងមានខ្លះគុនដាវ គុនដំបង ជាដើម។ ពេលខ្លះកូនចៅអ្នកស្រុកមានការឈឺដង្កាត់បានយកកូនចៅមកឲ្យអ្នករូបស្តោះផ្លុំដើម្បីឲ្យបានជាសះស្បើយ។
មួយទៀតនៅទីនេះដែលជាតំបន់ព្រៃឈើគឺបានធ្វើពិធីបំបួសដើមឈើគឺជាគំនិតមួយរបស់ចាស់ស្រុកដើម្បីឱ្យប្រជាពលរដ្ឋបានថែទាំព្រៃឈើដោយយកស្បង់ ឬក្រណាត់មកព័ទ្ធជុំវិញដើមឈើក្នុងការថែរក្សាព្រៃឈើកុំឱ្យមានការកាប់ បំផ្លាញជាដើម។ លោក អ៊ឹម គីម ជាសម្បត្តិសមាជិកសហគមន៍ឃ្មុំស្រករថ្លុកឬស្សីបានរៀបរាប់ថា សហគមន៍របស់លោកក៏កើតនៅឆ្នាំ ១៩៩៩ ដោយមានផ្ទៃដី ៦០១ ហិកតា តែមិនមានអ្នកណាបានជួយនោះទេក៏ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ នេះក៏មានអង្គការ AFD បានឧបត្ថម្ភ និងរៀបចំឱ្យកើតជាសហគមន៍នេះឡើងដោយឱ្យក្លាយជាតំបន់នេះជាតំបន់ទេសចរណ៍មួយ ហើយប្រជាពលរដ្ឋនៅតំបន់នោះមានការស្រលាញ់ទើបបាននាំគ្នាមកចូលរួមថែរក្សា។ លោកបាន បន្តថាព្រៃឈើវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមាន ជនខិលខូច លួចអាដើមឈើខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ ចុងក្រោយបានលោកសំណូមពរដល់ ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិត របស់យើងទាំអស់គ្នា។
យើងឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិនៅទីជិតទីឆ្ងាយបាននាំគ្នាមកធ្វើពិធីនេះដោយចូលរួមជាកម្លាំងសាមគ្គីមានការដាំស្លជាដើម។ ការមកធ្វើពិធីនេះគឺដើម្បីសុំសេចក្តី សុខដើម្បីអូនរៀបចំទីសក្ការបូជាក្នុងការដេញ ឧបទ្រពចង្រៃ ហើយចង់រក្សាព្រៃឈើនេះ ឲ្យបានកូនចៅបានឃើញសប្បាយរីករាយក្លាយជាព្រៃតំបន់សហគមន៍ និងចង់ក្លាយជាតំបន់ទេសចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋមានចំណូលទៅមុខ និងមានភាពរីកចម្រើន៕



